សៀមរាប​៖ ការបង្កាត់ពូជអណ្តើកភ្នំ ឬអណ្តើកព្រិច កំពុងដំណើរការយ៉ាងល្អប្រសើរ។ នេះបើតាមការឲ្យដឹងរបស់លោក Michael Meyerhoff នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB)។

គម្រោងនៃការបង្កាត់ពូជអណ្តើកភ្នំនេះ បានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១៣ ហើយនៅ ក្នុងឆ្នាំ២០១៨ មជ្ឈមណ្ឌលរបស់លោក Michael Meyerhoff បង្កាត់បានកូន​អណ្តើក​​ភ្នំចំ​នួន៧៣ក្បាល ហើយលោកសង្ឃឹមថា នៅឆ្នាំ២០១៩នេះ ​ការបង្កាត់ពូជអណ្តើកភ្នំ នឹងកើនទិន្នផលកាន់តែប្រសើរ។

បើតាមលោក Michael Meyerhoff អណ្តើកភ្នំនៅកម្ពុជា កំពុងប្រឈមការបាត់បង់ ដោយសារមានការគំរាមកំហែង ពីឈ្មួញជួញដូរខុសច្បាប់ បើសិនជាពុំមាន​វិធានការ​​ទប់​ស្កាត់បន្ទាន់នោះទេ។ លោក Michael Meyerhoff ​បានបន្ថែមថា មានសត្វអណ្តើក​ប្រមាណជិត៥០០ក្បាល និងចំនួន៩ប្រភេទ កំពុងរស់នៅក្នុងមជ្ឈមណ្ឌល រហូតមក​​ទល់ពេលនេះ។

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសត្វព្រៃជីវៈចម្រុះ យ៉ាងច្រើនសម្បូរបែប ប៉ុន្តែសត្វព្រៃ និងជីវៈចម្រុះទាំងនោះ បានថមថយ និងកំពុងប្រឈម​នឹងការគំរាម​កំហែង​យ៉ាងខ្លាំង តាមរយៈការរុករានទីលំនៅ ក៏ដូចជាការជួញដូរខុសច្បាប់ ដែលទាម​ទារឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សា និងអភិរក្សពីគ្រប់មជ្ឈដ្ឋាន។

អណ្តើកភ្នំ ឬអណ្តើកព្រិច គឺជាប្រភេទអណ្តើកដែលមានមាឌតូច ហើយអណ្តើកពេញ​​វ័យ​មានទំងន់មិនលើសពី៣.៥គីឡូក្រាម ដោយអណ្តើកញីមានមាឌ​ធំជាងអណ្តើក​ឈ្មោល ហើយអណ្តើកពេញវ័យអាចបន្តពូជបាននៅពេលមានអាយុពី៦ ទៅ៨ឆ្នាំ។ អណ្តើកប្រភេទនេះ ត្រូវបានប្រទះឃើញនៅតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ទំនាប​ភាគ​​ខាងត្បូង និងភាគខាងជើង នៃដងទន្លេមេគង្គ ហើយស្ថិតក្នុងបញ្ជីក្រហម​នៃប្រភេទសត្វ​​ដែលរងការគំរាមកំហែងខ្លាំងប្រឈមនឹងការផុតពូជ ដោយអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្ស ធម្មជាតិ (International Union for Conservation of Nature)៕ AKP (ថតដោយ៖ ផែន រតនៈ)

អត្ថបទ៖ (ប្រែសម្រួលដោយ)៖ ខ្មែរណាស់