លោក នឹម ឈុន្នី គ្រូបង្រៀនសមាធិដ៏ល្បីឈ្មោះនៅកម្ពុជា បានធ្វើយុទ្ធនាការ​រត់ថ្មើរ​ជើង ដែលមិនធ្លាប់មានពីមុនមក នៅកម្ពុជា។ លោករត់ថ្មើរជើងនេះ ក្នុងគោលបំណង​ផ្សព្វផ្សាយ និងរៃអង្គាសថវិកាចំនួន ១០ ម៉ឺនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់​មន្ទីរពេទ្យ​កុមា​រ​អង្គរ Angkor Hospital for Childrenខេត្តសៀមរាប សម្រាប់ដំណើរការផ្តល់​សេវាកម្មពិនិត្យព្យាបាល និងថែទាំសុខភាពកុមារប្រចាំថ្ងៃរាប់រយនាក់ មកពីបណ្តាខេត្ត​នានា​ក្នុងប្រទេសកម្ពុជា ប្រកបដោយក្តីមេត្តាករុណា មានគុណភាពខ្ពស់ និងឥត​គិត​កម្រៃ។ កម្មវិធីនេះ មានឈ្មោះថា “Running for Children’s Lives Cambodia 2019”។

នេះជាថ្ងៃទី១ ដែលលោក នឹម ឈុន្នី ចាប់ផ្តើមរត់ថ្មើរជើងចេញពីរង្វង់មូលនាងមច្ឆា សង្កាត់​ព្រែកលៀប ក្រុងភ្នំពេញ តាមផ្លូវជាតិលេខ ៦ និងលេខ ៧ ឆ្ពោះទៅកាន់​ក្រុងសៀមរាប ខេត្តសៀមរាប ពោលគឺមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ១៥-២៥ ខែវិច្ឆិកានេះ។

Advertisements

មូលហេតុដែលលោក នឹម ឈុន្នី សម្រេចចិត្តរត់ថ្មើរជើងរយៈចំងាយ​ដ៏វែងឆ្ងាយ(៣១៤គី​ឡូម៉ែត្រ)  ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភគាំទ្រដល់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប​នេះ លោក ឈុន្នី បានរៀបរាប់ដូច្នេះថា៖«កន្លងមក ក្មួយស្រី ខ្ញុំព្រះករុណា ខ្ញុំបាទ បាន​ទទួល​ការថែទាំ និងព្យាបាល ឲ្យសះស្បើយពីជំងឺតាំងពីនាងដើរ​មិនបានរហូត​ដល់នាង​ដើរបានយ៉ាងប្រសើរដោយមិនមានអស់ថ្លៃព្យាបាល អមជាមួយនឹងបេសកកម្ម និង​ទស្សនៈវិស័យ ដ៏ល្អក្នុងការជួយសង្រ្គោះជីវិតកុមារក្នុង​ប្រទេសកម្ពុជាយ៉ាង​ច្រើនថែម​ទៀត​ផង»។

គ្រូសមាធិរូបនេះ បានស្នើអោយបងប្អូនសាធារណជន​ទាំងជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លា​ម្នាក់​បន្តិច ដើម្បីរួមចំណែកជួយដល់កុមារ នៅកម្ពុជា អោយទទួលបានការព្យាបាល​ក្របកដោយសុវត្ថិភាព និងសុខភាពល្អ តាមរយៈការជួយម្នាក់បន្តិចរបស់​អស់លោក​អ្នក៕

Advertisements


Advertisements
Advertisements