ការរស់នៅដោយមានការប្រាស្រ័យទំនាក់ទំនងល្អនៅក្នុងរង្វង់គ្រួសារ គឺរវាង ម្តាយ ឪពុក បងប្អូនប្រុសស្រី មីង ពូ ជីដូន ជីតា និងអ្វីៗជាច្រើនទៀត គឺអាចធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងពិតប្រាកដនៅក្នុងសុខភាព ហើយ​គ្រួសារ​ដែលសុភមង្គលបែបនេះ គឺអាចល្អជាងការមានគូស្នេហ៍ដ៏ពិសេសទៅទៀត។

Advertisements

ជាក់ស្ដែងការសិក្សាថ្មីមួយបានរកឃើញថា មនុស្ស​ដែលមានអារម្មណ៍ថាពួកគេមិនត្រូវ​បានគាំទ្រដោយក្រុម​គ្រួសារ​របស់ពួកគេ គឺទំនងជាទទួលរងនូវជំងឺរ៉ាំរ៉ៃ ជាងអ្នកដែលមិនសប្បាយចិត្តនឹងប្តីឬប្រពន្ធទៅទៀត។

ការសិក្សានេះ គឺបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិចិត្តវិទ្យាគ្រួសារ នៅថ្ងៃព្រហស្បតិ៍ទ៧ខែវិច្ឆិកានេះ បន្ទាប់​ពី​តាមដានពិនិត្យមើលទៅលើទិន្នន័យដែលប្រមូលបានពីមនុស្សជិត៣ពាន់នាក់ នៅចន្លោះឆ្នាំ១៩៩៥និង ២០១៤​។ អាយុជាមធ្យមរបស់មនុស្សនាកាលនោះគឺមានប្រហែល៤៥ឆ្នាំ។

មនុស្សចូលរួមក្នុងសិក្សាទាំងនេះ ត្រូវបានគេសួរសំនួរមួយចំនួន ដើម្បីវាយតម្លៃគុណភាពនៃទំនាក់ទំនងគ្រួសារ និងដៃគូរស្នេហារបស់ពួកគេ ក្នុងការប្រៀបធៀបទៅនឹងចំនួនសរុបនៃជំងឺរ៉ាំរ៉ៃរាប់ រាប់ចាប់ពីជំងឺដាច់សរសៃឈាម​ខួរ​ក្បាល រហូតដល់ជំងឺឈឺក្បាល។

ដើម្បីសាកល្បងភាពជាដៃគូសង្សារឬប្ដីប្រពន្ធជិតស្និទ្ធ គឺអ្នកស្រាវជ្រាវបានឆ្លើយសំណួរដូចជា «តើប្តីឬប្រពន្ធ​របស់​អ្នកឈ្លោះគ្នាប៉ុន្មានដង? តើប្តីឬប្រពន្ធរបស់អ្នកពេញចិត្តនឹងអ្នកប៉ុណ្ណា?»។ ហើយដើម្បីស្វែងយល់ពីគុណ​ភាព​នៃទំនាក់ទំនងគ្រួសារ អ្នកស្រាវជ្រាវបានឆ្លើយសំណួរដូចជា«មិនរាប់បញ្ចូលប្តីប្រពន្ធឬដៃគូរបស់អ្នក តើ​សមា​ជិកគ្រួសារអ្នករិះគន់អ្នកប៉ុន្មានដង? តើអ្នកអាចពឹងផ្អែកលើគ្រួសាររបស់អ្នកសម្រាប់ជំនួយបានទេ​ប្រសិន​បើ​អ្នក​មានបញ្ហាធ្ងន់ធ្ងរ?»

នៅក្នុងការសិក្សានេះបានរកឃើញថា គ្រួសារដែលមានទំនាក់ទំនងរកាំរកូសច្រើន គឺធ្វើឱ្យសមាជិកម្នាក់ជាប់ទាក់​ទង​យ៉ាង​ខ្លាំង​ជាមួយនឹងស្ថានភាពជំងឺរ៉ាំរ៉ៃនិងសុខភាពខ្សោយ។ផ្ទុយទៅវិញការសិក្សានេះរកឃើញថា មិន​មាន​ទំនាក់ទំនងសុខភាពបែបនេះ ដោយសារតែទំនាក់ទំនងដែលមានបញ្ហារវាងប្តីនិងប្រពន្ធឬគូសង្សារនោះទេ។

Advertisements