ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយស្ថាប័ន PTB នៃប្រទេស​អាឡឺម៉ង់ បានរៀបចំទិវាវាយតម្លៃទទួលស្គាល់ពិភពលោកឆ្នាំ ២០១៩ ក្រោម​ប្រធាន​បទ«ការវាយតម្លៃទទួលស្គាល់ បន្ថែមគុណតម្លៃ ទៅលើខ្សែសង្វាក់នៃការ​ផ្គត់ផ្គង់ទំ​និញ និងសេវាកម្ម នៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខា។

Advertisements

នាយកដ្ឋានវាយតម្លៃទទួលស្គាល់ (DA) គឺជាអង្គភាពវាយតម្លៃទទួលស្គាល់ជាតិ ដែល​ទទួល​ខុសត្រូវចំពោះការងារវាយត​ម្លៃទទួលស្គាល់​ដល់អង្គភាពវាយតម្លៃភាពអនុលោម​ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ នាយកដ្ឋានវាយតម្លៃទទួលស្គាល់ គឺជានាយក​ដ្ឋាន​មួយចំណុះឲ្យអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម  (MIH)​។

ឯកឧត្តម អ៊ុច បូរ៉ា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានប្រសាសន៍​ថា បច្ចុប្បន្ននាយកដ្ឋានវាយតម្លៃមនេះ បានធ្វើការវាយតម្លៃទៅ​លើអង្គភាពចំនួន​៥​ហើយ​ ដែលបានបញ្ជាក់ភាពអនុលោម ឡាបូ និងបានធ្វើការចុះបញ្ជីវិញ្ញា​បនបត្រជា​ច្រើន​អង្គភាព​ទៀត។

ជាមួយគ្នានេះ សហគ្រាសផលិតទឹកត្រីទឹកស៊ីអ៊ីវលាងឡេង បានទទួល​ស្គាល់កម្រិត​គុណ​​ភាព ទាំងស្តង់ដារជាតិ និងអន្តរជាតិ។ សហគ្រាសនេះ ត្រូវបានវាយតម្លៃដោយ​នាយកដ្ឋានវាយតម្លៃទទួលស្គាល់រួចហើយ អំពីកម្រិតគុណភាព និងស្តង់ដារ។ នេះបើ​តាម​ការបញ្ជាក់របស់លោក លាង ឡេង ម្ចាស់សហគ្រាសផលិត​ទឹកត្រីទឹកស៊ីអ៊ីវ​លាង​ឡេង។

«ខ្ញុំមានសេចក្តីសោមនស្ស និងរីករាយមែនទែន ដែលខាងសហ​គ្រាសលាង​ឡេង​ខ្ញុំបាទ បាន​ទទួល​វិញ្ញាបនបត្របញ្ជាក់ស្តង់ដារផ្សេងៗ ដែលជាតម្រូវការ​ចាំបាច់​របស់បងប្អូន​ប្រជា​ព​លរដ្ឋខ្មែរយើង ដែលទទួលបានទំនិញដែលមានគុណភាព ដើម្បីផ្គត់​ផ្គង់​​ដល់​ក្រុមគ្រួ​សារ​របស់គាត់»។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់កម្ពុជានេះ ដឹកនាំដោយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម គឺជាអ្នកត្រួតពិនិត្យមើលកិច្ចដំណើរការរបស់នាយកដ្ឋានវាយតម្លៃទទួលស្គាល់ដោយផ្ទាល់៕

Advertisements