មេដឹកនាំជនជាតិដើមម្នាក់ត្រូវបានសម្លាប់និងម្នាក់ទៀតបានរងរបួស នៅក្នុងករណី លួច​វាយឆ្មក់មួយ​ក្នុងព្រៃ​អាម៉ា​ហ្ស៊ូនក្នុងរដ្ឋ ម៉ារ៉ាណាវ ភាគខាងជើងនៃប្រទេសប្រេស៊ីល។

Advertisements

ការវាយប្រហារនេះ បានកើតឡើងកាលពីថ្ងៃសុក្រ នៅពេលដែលសមាជិកពីរនាក់នៃក្រុមកុលសម្ព័ន្ធមួយ​ដែល​ត្រូវ​បានគេស្គាល់ថាជា«អ្នកការពារព្រៃឈើ» បានចាកចេញពីភូមិរបស់ពួកគេក្នុងការស្វែងរកទឹក។ អំឡុងពេល​រក​ទឹក គឺមានបុរសប្រដាប់អាវុធ៥នាក់បានចូលទៅជិត ហើយបានចាប់ផ្តើមបាញ់ប្រហារទៅពួកគេភ្លាមៗ។ នេះ​បើយោងតាមលេខាធិការសិទ្ធិមនុស្សនៅរដ្ឋម៉ារ៉ាណាវ។

មេដឹកនាំជនជាតិដើមភាគតិចម្នាក់ឈ្មោះ Paulo Paulino Guajajara ត្រូវបានបាញ់ ចំកហើយស្លាប់ ខណៈ​ជនរងគ្រោះទី២ ត្រូវបានបាញ់ចំខ្នង ប៉ុន្តែអាចរត់គេចខ្លួនបាន។ នេះបើយោងតាមអង្គការមិនរកប្រាក់ចំណេញ​ជន​ជាតិ​ដើមភាគតិចឈ្មោះ Survival International ។

ប៉ូលិសសហព័ន្ធប្រេស៊ីលបាននិយាយថា ពួកគេនឹងស៊ើបអង្កេតការវាយប្រហារនេះ។

ជនជាតិ Guajarara គឺជាកុលសម្ព័ន្ធជនជាតិដើមភាគតិចដែលធ្វើការងារដើម្បីការពារព្រៃឈើក្នុងព្រៃអាម៉ាហ្ស៊ូន ប៉ុន្តែក្រុមនេះ តែងរងការគំរាមកំហែងជាបន្តបន្ទាប់ពីសំណាក់អ្នកកាប់ឈើខុសច្បាប់៕

Advertisements