ខេត្តកណ្តាល៖ សិប្បករមួយចំនួនធំ សម្រេចចិត្តជាបណ្តើរៗ ខ្លះប្តូរទៅធ្វើស្រែចម្ការ កាងាររោងចក្រ និងមួយចំនួនធំទៀតចំណាកស្រុកទៅធ្វើពលករនៅប្រទេសគេ ខណៈ​របរចម្លាក់ធ្លាក់ចុះទីផ្សារខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការ​បញ្ជាក់​ពីលោក វ៉ាន់ ស៊ីថា ជាងចម្លាក់សិប្បកម្មភ្ញីទេស ស្ថិតនៅ​​​ក្នុង​ភូមិ​ពោធិ៍​តូច ​ឃុំ​កំពង់​ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

Advertisements

លោក ស៊ីថា បានរៀបរាប់ប្រាប់សារព័ត៌មាន«ខ្មែរណាស់» ដូច្នេះថា« ផលិតផល​របស់​យើងភាគច្រើនលក់បោះដុំអោយហាងនៅរាជធានីភ្នំពេញ សៀមរាប និងមាន​ការកម្ម៉ង់​ទិញផ្ទាល់តិចតួចនៅផ្ទះ»។

លោកបានរំលឹកថា កាលពីដើមឆ្នាំ 1990 ដល់ឆ្នាំ 2007 គឺមុខរបរនេះ សំបូរជាងចម្លាក់ និងសិប្បករធ្វើច្រើនណាស់ ជាពិសេសក្នុងភូមិព្រែកក្ដាម ភូមិពោធ៍តូច កោះចិន និងកំ​ពង់ហ្លួងជាដើម ដោយសារតែនាពេលនោះ ផលិតផលមានតម្រូវការទីផ្សារខ្ពស់ នាំ​ចេញ​​ទៅលក់នៅប្រទេសថៃ ហើយពលរដ្ឋរស់នៅតំបន់នេះ ពុំមានការចំណាក​ស្រុក​ដូច​ក្នុងពេលបច្ចុប្បន្ននេះទេ ព្រោះរបរចម្លាក់ និងជាងទងទទួលបានកម្រៃច្រើនគួរសម។

ដោយឡែកចាប់ពីឆ្នាំ 2007 មក ស្របពេលដែលកាលណោះ កម្ពុជាមានជម្លោះ​ជាមួយ​ប្រទេស​ថៃ ធ្វើអោយទីផ្សារមានការធ្លាក់ចុះជាលំដាប់។ ដូច្នេះ​សិប្បករមួយចំនួនធំ ក៏​សម្រេចចិត្តបោះបង់អាជីពនេះ….ខ្លះប្តូរទៅធ្វើស្រែចម្ការ កាងាររោងចក្រ និងមួយចំនួន​ធំទៀតចំណាកស្រុកទៅធ្វើពលករស្រុកគេវិញ។

លោក វ៉ាន់ ស៊ីថា បានអោយដឹងថា សព្វថ្ងៃអ្នកប្រកបរបរជាជាងចម្លាក់នេះ នៅសល់​តែប្រមាណ ១៥%ប៉ុណ្ណោះ ពោលគឺប្រហែលជា ១០គ្រួសារ ក្នុងមួយភូមិ ដោយសារ​តែមុខរបរនេះ ពុំមានទីផ្សារ។

បើតាមលោក ស៊ីថា ចម្លាក់ទាំងនេះ​ ធ្វើពី​ស្ពាន់ ប្រាក់ និងទង់ដែង ហើយធ្វើតាម​ការ​កម្មង់ និងចំណង់ចំណូលចិត្តរបស់អតិថិជន មានដូចជា ​​ចម្លាក់​ផ្តិត ក្អម ឆ័ត្រ​រួត តុម្ភ​កំបោរ​ ប្រអប់ស្លា ប្រអប់​ក្រដាសជូត​មាត់ ប៉ាន់​តែ រូប​ផ្លែ​ល្ពៅ​ និង​រូប​សត្វ​នានា​​ជាច្រើន​ទៀត ធ្វើដោយសិប្បករផ្ចិតផ្ចង់ ធ្វើដោយយកចិត្តទុកដាក់បំផុត​។​​

ទន្ទឹមនឹងការបាត់បង់ទីផ្សារយ៉ាងខ្លាំងនេះលោក វ៉ាន់ ស៊ីថា ជាងចម្លាក់ខ្មែរភ្ញីទេស បាន​សំណូមពរជួយផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយពលរដ្ឋខ្មែរ ងាក​មក​គាំទ្រស្នាដៃផលិតផលរបស់ខ្មែរ ដែលជាកេរ្តិ៍មរតករបស់ដូនតាតាំងពីបុរាណ កុំអោយ​បាត់បង់ ព្រោះសព្វថ្ងៃមុខរបរនេះ កំពុងតែជួបហានិភ័យខខ្លាំង។

ជាមួយគ្នានេះ លោក វ៉ាន់ ស៊ីថា ក៏ស្វាគមន៍ចំពោះបងប្អូនដែល​ចាប់អារម្មណ៍ចង់រៀន​ជំនាញនេះ ដោយមិនយកថវិកាឡើយ។ សិប្បកម្ម​ភ្ញី​ទេស ​មានទីតាំងស្ថិតនៅ​​​ក្នុង​ភូមិ​ពោធិ៍​តូច ​ឃុំ​កំពង់​ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ​ចម្ងាយ​​​ជាង ​៤០ គីឡូម៉ែត្រ​ ពី​រាជ​ធានី​ភ្នំពេញ៕ ​

Advertisements