(ភ្នំពេញ)៖ កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធទាបសកម្ម ធ្វើឲ្យមានភ្លៀង​ធ្លាក់រាយ​ប៉ាយ​ជាបន្ដបន្ទាប់ ក្នុងតំបន់វាលទំនាកណ្ដាល និងតំបន់មាត់សមុទ្រ ក្នុងកម្រិតបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការជូន​ដំណឹងរបស់​ក្រសួង​ធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៨ ខែតុលា ម្សិលមិញ។

Advertisements

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ការព្យាករសម្ពាធទាបសកម្មនេះ នឹង​វិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី២២ ដែលអាចមានឈ្មោះថា ម៉ាត់​​ម៉ូ (MATMO) ហើយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ខាងមុខ កូនព្យុះនេះ នឹងធ្វើ​ដំណើរ​ទៅដល់ភាគខាងត្បូងប្រទេសវៀតណាម ហើយនឹងបន្ថយឥទ្ធិពលរបស់វា​ទៅជាសម្ពាធ​ទាបសកម្ម (Active Low) វិញ នៅពេលធ្វើដំណើរកាត់លើភាគខាងត្បូងកម្ពុជា នៅថ្ងៃ​ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើយោងតាមការព្យាករណ៍នេះ នៅតាមរាជធានីខេត្តរបស់កម្ពុជា នឹងមានភ្លៀងធ្លាក់​រាយប៉ាយ​ជាបន្តបន្ទាប់ ក្នុងតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងអាច​មានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។

ក្រសួងក៏ស្នើអោយពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់នានា ដែលបង្កដោយបាតុភូតធាតុអាកាសនេះ៕

Advertisements