អ្នកវិទ្យាសាស្ត្រអង់គ្លេសនិងអាមេរិកកំពុងរួមគ្នាដើម្បីស្វែងរកឱ្យឃើញនូវរោគសញ្ញាដំបូងបង្អស់ នៃជំងឺមហារីក ក្នុងគោលបំណងព្យាបាល មុនពេលជំងឺនេះលេចចេញជារូបរាង។ ការស្រាវជ្រាវនេះ ដោយសារបច្ចុប្បន្ន អ្នក​ជំងឺ​មួយចំនួន មិនបានដឹងខ្លួនជាមុនថា ពួកគេកំពុងកើតជំងឺមហារីកឡើយ និងរហូត​ទាល់​ជំងឺ​នេះ​រាល​ដាល​ពី​សរី​រាង្គ​មួយទៅសរីរាង្គទៀត ឬរហូតដល់ដំណាក់កាលចុងក្រោយ ទើបដឹងថា កំពុងកើតជំងឺនេះ ប៉ុន្តែ​ជា​ដំណាក់​កាល​មួយហួសពេលសម្រាប់ព្យាបាលទៅហើយ។

Advertisements

ពួកអ្នកវិទ្យាសាស្រ្ដនេះ គ្រោងនឹងផ្តល់កំណើតដល់ជំងឺមហារីកនៅក្នុងមន្ទីរពិសោធន៍ដើម្បីដឹងច្បាស់ថា តើ​វា​មើល​ទៅ​មានរូបរាងដូចម្ដេចនៅថ្ងៃទីមួយនៃការកើតជំងឺនេះ។ វាគ្រាន់​តែជាផ្នែក​មួយ​នៃ​អាទិ​ភាព​ស្រាវ​ជ្រាវ​របស់​សម្ព័ន្ធអន្តរជាតិថ្មី សម្រាប់ការរកឃើញជំងឺមហារីកដំណាក់កាលដំបូង។

ការធ្វើការរួមគ្នាលើការរកឃើញជំងឺមហារីកដំណាក់កាលដំបូង គឺមានន័យថា អ្នក​ជំងឺ​ទទួល​បាន​អត្ថ​ប្រយោជន៍​ព្យាបាលបានយ៉ាងឆាប់រហ័ស។ក្រុមអ្នកស្រាវជ្រាវអង់គ្លេសនិងអាមេរិកដែលមកពីសាលកវិទ្យាល្បីៗ ដូចជា Cambridge, Manchester, University College London, Stanford និងសាកលវិទ្យាល័យ Oregon នឹង​ចែក​រំលែកគំនិត បច្ចេកវិទ្យា និងជំនាញនៅក្នុងវិស័យជំងឺមហារីកនេះ។

ទោះជាយ៉ាងណា អ្នកស្រាវជ្រាវទាំងនេះ បានអះអាងថា ការសិក្សាអំពីការកើតឡើងដំបូងនៃជំងឺមហារីក គឺ​ប្រៀប​បានដូចជាការរាវរកម្ជុលនៅពំនូកចំប៉ើង ដែលអាចនឹងត្រូវចំណាយពេលស្រាវជ្រាវរយៈពេល៣០ឆ្នាំ។

លោកវេជ្ជបណ្ឌិត David Crosby ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​ការ​រក​ឃើញ​ដំបូង​នៅ​ឯវិទ្យាស្ថាន​ស្រាវ​ជ្រាវ​មហា​រីក​ចក្រ​ភព​អង់គ្លេសមានប្រសាសន៍ថា«បញ្ហាសំខាន់ គឺថាអ្នកវិទ្យាសាស្រ្ដយើង​មិនដែលបានឃើញ​ការ​ចាប់​ផ្ដើម​នៃ​ជំងឺ​មហារីកនៅក្នុងមនុស្សនោះទេ»៕

ប្រភព៖BBC

Advertisements