ភ្នំពេញ៖ បើតាមក្រសួងបរិស្ថាន បានបង្ហាញថា ក្នុង១ថ្ងៃពលរដ្ឋកម្ពុជា បង្កើតសំរាម​ជាង ១ម៉ឺនតោន នៅទីប្រជុំជន ហើយក្នុង១ឆ្នាំប្រមាណ ៤លានតោន ដែលក្នុងនោះ ២០% ជាសំរាមប្លាស្ទិក ហើយ ៦០%ជាសំណល់សរីរាង្គ ៩%ជាសំណល់ក្រដាស ហើយនៅសេសសល់ពីនោះ ជាសំណល់រឹង និងសំរាមផ្សេងៗទៀត។​ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា មានសំណល់តែ ២០ភាគ​​រយប៉ុណ្ណោះ ដែលត្រូវទិញ និងយកទៅកែច្នៃឡើងវិញ ហើយសំរាមជិត ២០% ត្រូវបាន​​ប្រជាពលរដ្ឋយកទៅបោះចោលចូលក្នុងប្រភពទឹក និងទីសាធារណៈផ្សេងៗ។

Advertisements

លោក នេត្រ ភក្រ្តា បានបន្ថែមថា នៅក្នុងសំរាមជាង៣ពាន់តោន នៅក្នុងរាជធានី​ភ្នំពេញនេះ សំរាមប្លាស្ទិកមានប្រមាណ ១៧,៣% ពោលក្នុង១ថ្ងៃ មានប្រមាណ ១០​​លានថង់ប្លាស្ទិក ដែលប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងទីក្រុងភ្នំពេញ។

បច្ចុប្បន្នយុវជនមួយចំនួន ទទួលបានចំណេះដឹងទាក់ទងនឹងបញ្ហាបរិស្ថានច្រើន ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនធំ ខ្វះការយល់ដឹងអំពីបញ្ហាបរិស្ថាន ទុកដាក់​សំរាមមិនត្រូវតាមគោលដៅនៅឡើយ៕

Advertisements