បុរសអាយុ៣០ឆ្នាំម្នាក់នៅប្រទេសម៉ាឡេស៊ីបានស្លាប់កាលពីថ្ងៃសុក្រ ទី១៨ តុលា បន្ទាប់ពីឆ្លងជំងឺហ្ស៊ីកា និង​ជា​ករណីដំបូងបង្អស់នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៦មក។

Advertisements

តាមប្រភពព័ត៌មានក្នុងស្រុកបានដកស្រង់សម្ដីរបស់មន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីឱ្យដឹងថា បុរស​មក​ពី​រដ្ឋ​Perakនៃប្រទេសម៉ាឡេស៊ីមុនពេលស្លាប់ គឺបានកើតមានអាការៈក្អួតចង្អោរ និងរាគ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យកាលពីថ្ងៃទី២៧ខែកញ្ញា។

លោកវេជ្ជបណ្ឌិត Noor Hisham មន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីបានអះអាងថា ជនរងគ្រោះស្លាប់ ទំនង​ជា​បាន​ឆ្លងជំងឺហ្ស៊ីកានៅក្នុងប្រទេស ប៉ុន្តែបច្ចុប្បន្ន គឺត្រូវការស៊ើបអង្កេតឱ្យបានច្បាស់លាស់បន្ថែមទៀត។

លោកវេជ្ជបណ្ឌិត Noor Hisham បានមានប្រសាសន៍ថា ករណីដែលបានកត់ត្រាចំនួនវីរុសហ្ស៊ីកា នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី គឺមានចំនួន៩ទៅ៨ករណីក្នុងឆ្នាំ២០១៦ និងមួយករណីនៅក្នុងឆ្នាំនេះ។

វីរុសហ្ស៊ីកាត្រូវបានចម្លងដោយមូសខ្លាដែលជាប្រភេទមូសដូចគ្នាចម្លងជំងឺគ្រុនឈាមដែរ ប៉ុន្តែជំងឺហ្ស៊ីកា មិន​ទាន់​មានវ៉ាក់សាំងឬថ្នាំព្យាបាលនៅឡើយទេ៕

Advertisements