ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃនេះ មានការចែករំលែកព័ត៌មានព្រោងព្រាត នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក អំពីបញ្ហាបរិស្ថាន និងការបោះចោលសំរាមពាសវាល​ពាស​កាលរបស់ប្រជាពលរដ្ឋមួយចំនួន នៅទីសាធារណៈ និងកន្លែងកម្សាន្តនានា។ អ្នកសំ​​អាត​អនាម័យ សូមអោយពលរដ្ឋចេះបោះសំរាមចូលធុងអោយបានត្រឹមត្រូវ។

Advertisements

នៅដើមសប្តាហ៍នេះ បញ្ហាបរិស្ថានកើតឡើងនៅពីរទីតាំងសំខាន់ៗ គឺនៅក្រុងតាខ្មៅ និងខេត្តបាត់ដំបង។ បញ្ហាសំរាម ដែលកើតឡើងនៅក្រុងតាខ្មៅ និងខេត្តដំបង ជាប្រ​ធានបទមួយ ដែលដាស់តឿន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ គួរយល់ដឹង និង​​វេចខ្ចប់ទុកដាក់សំណល់ ឬសំរាមផ្សេងៗអោយបានត្រឹមត្រូវ នៅក្នុងពិធីបុណ្យអុំទូកថ្នាក់ជាតិខាងមុខ។

សូមរំលឹកថា កាលពីថ្ងៃទី ១២-១៣ ខែ តុលា ឆ្នាំ ២០១៩ ក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តបាត់ដំបង បានប្រារព្ធពិធីបុណ្យអុំទូកស្របគ្នា និងមាន​ពលរដ្ឋចូលរួម​យ៉ាងច្រើនកុះករ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ ក្រោយចប់បុណ្យអុំទូក គេសង្កេតឃើញមានការចោលសំរាមយ៉ាងអានាធិបតេយ្យ នៅច្រាំងមាត់ទន្លេ និងលើសួនច្បារសាធារណៈ ធ្វើអោយបាត់បង់សោភ័ណភាពយ៉ាងធ្ងន់ធ្ងរ។

អ្នកស្រី វុធ ខេន អ្នកសំអាតអនាម័យ នៅសួនក្រុងតាខ្មៅ បានណូមពរអោយបងប្អូន​ប្រជាពលរដ្ឋចូលរួមសំអាតបរិស្ថាន កុំបោះសំរាមចោលពាសវាល​ពាសកាលនាំអោយ​ប៉ះពាល់សណ្តាប់​ធ្នាប់សាធារណៈ។

ដូចគ្នានេះដែរ អ្នកស្រី ហេង សុផារី អ្នកសំអាតអនាម័យមួយរូបទៀត បានលើក​ឡើង​ថា សព្វថ្ងៃអ្នកស្រីមើលឃើញអំពីឥរិយាបថរបស់ពលរដ្ឋមួយចំនួន គ្មានឆន្ទៈក្នុង​កការ​បោះសំរាមចូលធុងអោយបានត្រឹមត្រូវនោះទេ ទោះមានធុងសំរាម​នៅក្បែរក៏​ដោយ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ បានបង្ហាញថា ក្នុង១​ថ្ងៃពលរដ្ឋកម្ពុជា បង្កើតសំរាមជាង ១ម៉ឺនតោន នៅទីប្រជុំជន ហើយក្នុង១ឆ្នាំប្រ​មាណ​ជាង ៤លានតោន។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្រ្តា រដ្ឋលេ​ខាធិការក្រសួងបរិស្ថាន៕

Advertisements