ខេត្តកំពតជាខេត្តទេសចរណ៍ជាប់មាត់សមុទ្រដ៏មានសក្តានុពល និងទាក់ទាញ បំផុត​មួយ​នៅក្នុងចំណោមខេត្តជាប់មាត់សមុទ្រចំនួន៤របស់កម្ពុជា។ ខេត្តកំពតមានកន្លែង កម្សាន្តសំខាន់ៗ១៧កន្លែង មានសហគមន៍ទេសចរណ៍ប្លែកៗគ្នាចំនួន៤កន្លែងផងដែរ។

Advertisements

ខេត្តកំពតនឹងមានឆ្នេរខ្សាច់សិប្បនិម្មិតមួយដ៏ស្រស់ស្អាតមិនចាញ់ខេត្តជាប់មាត់ សមុទ្រ​ដទៃទៀតឡើយ។ ឆ្នេរខ្សាច់សិប្បនិម្មិត កំពុងតែស្ថាបនាយ៉ាងឆាប់រហ័ស លាតសន្ធឹង​លើផ្ទៃដីជាប់មាត់សមុទ្រប្រមាណ៨០ហិកតា ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

លោក គន់ សំណាង អ្នកគ្រប់គ្រង់ទូទៅការដ្ឋានរៀបចំឆ្នេរខ្សាច់ បានប្រាប់ AKP នៅរ​សៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នថា រដ្ឋបាលខេត្តកំពត បានជំរុញ​ឱ្យស្ថាបនាសាង​សង់ឆ្នេរខ្សាច់សិប្បនិមិត្តថ្មីនេះ តាមទិសដៅគម្រោងឆ្នេរ ដ៏ស្រស់ស្អាត សម្រាប់ទទួល​ភ្ញៀវទេសចរជាតិអន្តរជាតិមកកម្សាន្តលេង នាពេលឆាប់ៗខាងមុខនេះ ជាពិសេសនៅ​ថ្ងៃពិធីបុណ្យសមុទ្រ ក្នុងខែធ្នូ ឆ្នាំ២០១៩ ។ 

លោកបន្តថា ការស្ថាបនានឹងត្រូវបញ្ចប់រួចរាល់នៅមុនពិធីបុណ្យសមុទ្រ។ ប៉ុន្តែមាន​ការយឺតយ៉ាវបន្តិច ដោយសារកត្តាអាកាសធាតុ មានព្យុះភ្លៀងធ្វើឱ្យអាក់ខានស្ថាបនា អស់រយៈពេលជាច្រើនខែមកហើយ។ គិតមកដល់ពេលនេះ ឆ្នេរខ្សាច់បាន​សម្រេចលើ​ការស្ថាបនា រួចរាល់ប្រមាណ ៤០ភាគរយហើយ៕

Advertisements