ភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រហូតមកដល់ពេលនេះ គេសង្កេត​ឃើញក្នុងរាជធានីភ្នំពេញ នៅសល់គំនរសំរាមជាច្រើន ដែលមិនទាន់​ប្រមូល​អស់។ តំណាងក្រុមហ៊ុនស៊ិនទ្រី បានអោយដឹងថា មូលហេតុនេះ ដោយសារមាន​បញ្ហា​មួយចំនួននៅកន្លែងចាក់សំរាម និងបុគ្គលិកប្រមូលសំរាមសម្រាកពីការងារច្រើន។

Advertisements

បញ្ហា​សំរាម​កកស្ទះ​នេះ កើតមាន​តាំងពី​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​មកម្ល៉េះ ដោយសារ​ពេល​នោះ​​បុគ្គលិក​ឈប់សម្រាក​ មាន​បញ្ហា​នៅ​ទីលាន​ចាក់សំរាម និង​គ្រឿងចក្រ​រុញ​សំរាម​ខូច​ជាដើម។ នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុនស៊ិនទ្រី។ លោក ផន មន បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី សំណូមពរអោយបងប្អូនប្រជាពលរដ្ឋ ទុកដាក់សំរាមតាម​ផ្នែកអោយបានត្រឹមត្រូវ ងាយស្រួលក្នុងការប្រមូល មានសណ្តាប់ធ្នាប់ និងសោភ័ណ​ភាព​ផង។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងនាពេលថ្មីៗនេះថា ក្នុង១ថ្ងៃកម្ពុជា បង្កើតសំរាមនៅទីប្រជុំជន ប្រមាណជាង ១ម៉ឺនតោន ជារៀងរាល់ថ្ងៃ ហើយក្នុង១ឆ្នាំ ប្រមាណជាង ៤លានតោន។

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងសំណល់រឹង និងសំរាម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងសូមអោយពលរដ្ឋ ចាត់ទុកទីក្រុង និងកន្លែង​ផ្សេងទៀត ដូចជាផ្ទះរបស់ខ្លួន ដែលចាំបាច់ត្រូវតែសំអាតជាប្រចាំ ដើម្បីសោភ័ណភាព និងលើកកម្ពស់សុខមាលភាពសាធារណៈ៕

Advertisements