ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុងប្រហោងស្បូន ដែលចែកចេញជាបីកម្រិត៖

Advertisements

– ទី១(Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Endometrial fibroma pedunculated) មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ

– ទី២(Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Partial intramural endocavity angle of protrusion < 90o) ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន

– ទី៣(Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Predominantly intramural endocavity angle of protrusion > 90o) ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំលើសពី៥សង់ទីម៉ែត្រ។

១) មូលហេតុ៖
– ជំងឺនេះកើតមានតែលើស្រ្តីក្នុងវ័យបន្តពូជ
– ជំងឺនេះកើតលើស្ត្រីដែលលើសជាតិអ័រមូនអ៊ឺស្រ្តូហ្សែន
– ជំងឺនេះកើតលើស្ត្រីដែលមានវិបត្តិអ័រមូន
– ជំងឺនេះកើតលើស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់
– កត្តាចំណីអាហារ បរិយាកាស និងកត្តាសង្គម

* ជំងឺនេះមិនអាចកើតមានចំពោះស្រ្តីមិនទាន់ពេញវ័យ ហើយជំងឺនេះនឹងអាចបាត់ទៅវិញនៅពេលដែលស្រ្តីមានវ័យចំណាស់ (ស្ត្រីអត់រដូវ)។

២) រោគសញ្ញា៖
ស្រ្តីដែលមានជំងឺនេះធ្វើឲ្យមានរោគសញ្ញាដូចតទៅ
– ធ្លាក់ឈាមរដូវច្រើន
– រយៈពេលមានរដូវអូសបន្លាយយូរខុសធម្មតា
– ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ក្រៅពីពេលមានរដូវ
– មានការឈឺចុកចាប់ពេលមានរដូវ
– អាចបណ្តាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ
– អាចបណ្តាលឲ្យរលូតកូននៅត្រីមាសដំបូង
– បង្កឲ្យមានវិបត្តិអត់កូន

៣) ការព្យាបាល៖
ក្នុងករណីពុំមានបង្កឲ្យមានផលវិបាកធ្លាក់ឈាម ឬក៏មានវិបត្តិផ្សេងៗ គេពុំធ្វើការវះកាត់ទេ ដោយគ្រាន់តែធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីជាប្រចាំ។ ប៉ុន្តែក្នុងករណីមានធ្លាក់ឈាមច្រើនខុសធម្មតា និងបង្កឲ្យមានវិបត្តិអត់កូន យើងត្រូវធ្វើការវះកាត់ដុំសាច់នេះចេញ ដោយគ្រូពេទ្យឯកទេសរោគស្ត្រីតាមរយៈម៉ាស៊ីនឆ្លុះប្រហោងក្នុងនៃស្បូនបច្ចេកវិទ្យាចុងក្រោយ (Modern hysteroscopy of diagnosis and operative procedure) នៅមន្ទីរពេទ្យកាល់ម៉ែត។

“សូមបងប្អូនស្ត្រី លោកស្រី មេត្តាមកពិគ្រោះ និងពិនិត្យរោគស្ត្រីអោយបានទាន់ពេលវេលា ក្នុងករណីមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ។”

អត្ថបទមន្ទីរពេទ្យកាល់ម៉ែត្រ

Advertisements