ភ្នំពេញ៖ ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមជាមួយស្ថានទូតរដ្ឋជា​សមាជិកស​ហ​​ភាព​អឺរ៉ុប ក្រសួងបរិស្ថាន និងក្រសួងទេសចរ បានដឹកនាំយុវជន សម្អាតទីសាធារណៈ តាមបណ្តោយដងទន្លេសាប ចាប់ពីសួនជ្រោយចង្វាររហូតដល់​សហគមន៍នេសាទជាប់​សណ្ឋាគារសុខា កាលពីព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៩។

Advertisements

យុទ្ធនាការសម្អាតទីសាធារណៈនេះ គឺជាព្រឹត្តិមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាមួយក្រុមការងារអេកូយុវទូត ដើម្បីអបអរសាទរសប្តាហ៍បៃតងរបស់សហភាពអឺរ៉ុប ក្នុងគោលបំណងពង្រឹងជំរុញការ​អនុ​វ​ត្តវិ​ធានការទូទាំងសកលលោក ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក។

លោក Franck Viault ភារធារីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លើកឡើងថា ការបំពុល​ដោយ​ប្លា​ស្ទិក គឺជាបញ្ហាធំចម្បងមួយ ក្នុងចំណោមបញ្ហាបរិស្ថានធំៗជាច្រើនទៀត ដែល​កើតឡើងជាទូទៅជាងគេ។ លោកបន្តថា ក្នុងចំណោមប្លាស្ទិកទាំងអស់ ដែល​បានប្រើប្រាស់ មានពាក់កណ្តាលជាប្លាស្ទិក ដែលប្រើប្រាស់បានតែមួយដងប៉ុណ្ណោះ ហើយប្លាស្ទិកបែបនេះ រហូតដល់ ៩០% ត្រូវបានគេចោលដោយផ្ទាល់នៅក្នុងទន្លេ និងសមុទ្ររបស់យើង។

ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​លើកឡើងថា ក្នុង១ថ្ងៃកម្ពុជា បង្កើតសំរាមនៅទីប្រជុំជន ប្រមាណជាង ១ម៉ឺនតោន ជារៀងរាល់ថ្ងៃ ហើយក្នុង១ឆ្នាំ ប្រមាណជាង ៤លានតោន។

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងសំណល់រឹង និងសំរាម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងសូមអោយពលរដ្ឋ ចាត់ទុកទីក្រុង និងកន្លែង​ផ្សេងទៀត ដូចជាផ្ទះរបស់ខ្លួន ដែលចាំបាច់ត្រូវតែសំអាតជាប្រចាំ ដើម្បីសោភ័ណភាព និងលើកកម្ពស់សុខមាលភាពសាធារណៈ៕

Advertisements