ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា រួមគ្នាជាមួយនឹងស្ថានទូតរដ្ឋជាសមាជិកសហភាពអឺរ៉ុប ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍នៃព្រះរាជាណា​ចក្រកម្ពុជា ហើយនិង    អេកូយុវទូត (Young Eco Ambassador) នឹងបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតងរបស់សហភាពអឺរ៉ុប ជាមួយនឹងការសម្អាតទីសាធារណៈ តាមបណ្ដោយទន្លេសាប ចាប់ពីសួនជ្រោយចង្វារហូតដល់សហគមន៍នេសាទជិតសណ្ឋាគារសុខា នៅថ្ងៃ អាទិត្យ ទី ៦ ខែ តុលា ចាប់ពីម៉ោង ៧:៣០ នាទីព្រឹកតទៅ។

Advertisements

បើតាមសេចក្តីជូនដំណឹងរបស់សហភាព​អឺរ៉ុបប្រចាំនៅកម្ពុជា ការសម្អាតនេះ នឹងចូលរួមដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក  Franck Viault ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានប្រមាណជាង ៣០០ នាក់ រំពឹងថានឹងចូលរួមក្នុងយុទ្ធនាការ សម្អាតទីសាធារណៈនេះ។ អ្នកសារព័ត៌មាន និងអ្នកថតរូប ក៏នឹងត្រូវបានស្វាគមន៍ឱ្យចូលរួមផងដែរ!​

យុទ្ធនាការសម្អាតទីសាធារណៈនេះ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ជាមួយនិងក្រុមការងារអេកូយុវទូត ដើម្បីអបអរសាទរសប្ដាហ៍បៃតងរបស់សហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញពន្លឿនការអនុវត្តវិធានការទូទាំងសកលលោក ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក។ ព្រឹត្តិការណ៍ផ្សេងៗជុំវិញយុទ្ធនាការនេះ ដែលបានប្រព្រឹត្តិឡើង តាំងពីថ្ងៃទី ២៨ ខែ សីហា រួមមាន៖

  • កិច្ចសន្ទនាជាបន្ដបន្ទាប់ ក្នុងក្របខ័ណ្ឌសប្ដាហ៍បៃតងរបស់សហភាពអឺរ៉ុប រវាងក្រុមការងារអេកូយុវទូត ចំនួន ២០ រូប ជាមួយនិងក្រសួងបរិស្ថាន សហភាពអឹរ៉ុប និងរដ្ឋជាសមាជិក រួមមានដូចជា ស្ថានទូតសាធារណរដ្ឋឆែក អាល្លឺម៉ង់ ស៊ុយអែត បារាំង និងចក្រភពអង់គ្លេស។
  • សកម្មភាពចុះអប់រំផ្សព្វផ្សាយដល់សហគមន៍មួយចំនួន ដែលក្រុមការងារអេកូយុវទូតជំនាន់ប្លាស្ទិក បានចូលជួបជាមួយនឹងសហគមន៍នេសាទនៅក្នុងភូមិចុងកោះ និងអ្នកលក់តាមផ្លូវជិតសួនជ្រោយចង្វា ដើម្បីចែករំលែក ចំណេះដឹងស្តីអំពីការប្រើប្រាស់ប្លាស្ទិក ដែលប្រើបានតែមួយដង និងការគ្រប់គ្រងសំណល់។
  • យុទ្ធនាការតាមបណ្ដាញសង្គមសម្រាប់រយៈពេលពេញមួយខែ ស្ដីពីយុទ្ធសាស្រ្តប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដងរបស់សហភាពអឺរ៉ុប ដើម្បីលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ចូលរួមនិយាយថា “ទេ” ចំពោះផលិតផលប្លាស្ទិក ដែលអាចប្រើប្រាស់បានតែមួយដង ។

លោក Franck Viault ភារធារីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា “ការបំពុលដោយ​ប្លាស្ទិក គឺជាបញ្ហាធំចំបងមួយក្នុងចំណោមបញ្ហាបរិស្ថានធំៗជាច្រើនទៀត ដែលកើតឡើងជាទូទៅជាងគេ។ ក្នុងចំណោមប្លាស្ទិកទាំងអស់ដែលត្រូវបានប្រើប្រាស់ មានពាក់កណ្ដាលជាប្លាស្ទិកដែលប្រើប្រាស់បានតែមួយដងប៉ុណ្ណោះ ហើយប្លាស្ទិកបែបនេះ រហូតដល់ ៩០% ត្រូវបានគេចោលដោយផ្ទាល់ទៅក្នុងទន្លេ និងសមុទ្ររបស់យើង។ សហភាពអឺរ៉ុប លើកទឹកចិត្តឱ្យមានការកែច្នៃ ប៉ុន្តែការកែច្នៃតែមួយមុខ គឺមិនគ្រប់គ្រាន់នោះឡើយ។ តាំងនាមតំណាងឱ្យប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងរដ្ឋជាសមាជិករបស់យើង ខ្ញុំសូមអំពាវនាវសូមគ្រប់គ្នានិយាយថា ទេ ចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែ មួយដង”។

លោក Franck Viault មានប្រសាសន៍បន្ថែមទៀតថា “នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យុវជននៅអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត បានលើកឡើងពីជំហរយ៉ាងជាក់ច្បាស់អំពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដែលធ្វើឱ្យមហន្តរាយដល់ភពផែនដី និងមនុស្សជាតិ។ យុវជនកំពុងធ្វើឱ្យសំឡេងរបស់ពួកគេ ត្រូវបានទទួលដឹងឮ ហើយពួកគេបានស្នើឱ្យរដ្ឋាភិបាល ក្រុមហ៊ុន និងយើងទាំងអស់គ្នាចាត់វិធានការ ។ សហភាពអឺរ៉ុបទទួលស្គាល់ការអំពាវនាវឱ្យមានការចាត់វិធានការពីសំណាក់យុវជន។ យើងទាំងអស់គ្នា ត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងអាកាសធាតុ និងការបំពុលបរិស្ថានរួមគ្នា។ មានគំនិតផ្តួចផ្ដើមល្អៗជាច្រើន បានចាប់ផ្ដើមដំណើរការនៅទូទាំងពិភព    លោក។ សម្រាប់ប្រទេសកម្ពុជា ខ្ញុំសូមសម្ដែងនូវការកោតសរសើរចំពោះ លោក អ៊ុក វ៉ាន់ដេ ដែលបានប្រមូលសំរាម រាប់សែន យកមកសាងសង់ជាសាលារៀនដែលផ្ដល់ការអប់រំដោយមិនគិតថ្លៃដល់កុមាររស់នៅទីជនបទជាច្រើននាក់ និងលោក សាន ដារ៉ាវិត ដែលបានដឹកនាំក្រុមយុវជន រើសកន្ទុយបារីរាប់ពាន់ ចេញពីឆ្នេរអូរឈើទាលក្នុងខេត្តព្រះសីហនុ”។

ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដោយផ្ទាល់ និងយ៉ាងពិតជាក់ស្តែងមួយ ។  វាមិនមានការលើកលែងចំពោះប្រទេសណាមួយឡើយ​ ហើយវាទាមទារឲ្យមានការឆ្លើយតបជារួមមួយ។ សហភាពអឺរ៉ុប (រដ្ឋជាសមាជិក   គណៈកម្មការអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប) តំណាងអោយ ៤០ ភាគរយ នៃហិរញ្ញប្បទានសកលលើការងារអាកាសធាតុសាធារណៈ​ ​​​​។ នៅកម្ពុជា សហភាពអឺរ៉ុប បាននិងកំពុងគាំទ្រដល់សកម្មភាពឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុជាយូរមកហើយ ហើយនៅពេលថ្មីៗនេះ បានសន្យាផ្ដល់ថវិកាចំនួន ៦ លានអឺរ៉ូ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ៕

Advertisements