ប្រទេសឥណ្ឌូនេស៊ីគឺជាអ្នកចាញ់តែមួយគត់ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ ដែល​ខក​ខាន​មិន​អាចទាក់ទាញក្រុមហ៊ុនវិនិយោគដែលព្យាយាមគេចចេញពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ខណៈ​វៀត​ណាម​វិញ ត្រូវគេចាត់ទុកថា គឺជាប្រទេសឈ្នះធំបំផុត។

Advertisements

ប្រទេសវៀតណាម ម៉ាឡេស៊ី សឹង្ហបុរី និងហ្វីលីពីន ទទួលបានអាជីវកម្ម​ដែលភាគច្រើន​ជាទម្រង់​នៃការ​វិនិ​យោគ​ផ្ទាល់ពីបរទេសខ្ពស់ជាងមុន នៅស្រប​ពេលដែលទីក្រុងវ៉ាស៊ីនតោន​និងទីក្រុងប៉េកាំង​ចាត់ផ្ដើម​មាន​សង្គ្រាមពាណិជ្ជកម្មជាមួយគ្នាអស់រយៈពេល១៣ខែមកនេះ។

លោកស្រី Lee Ju Ye សេដ្ឋវិទូម្នាក់បាននិយាយថា ប្រទេសវៀតណាមបានក្លាយជា​អ្នកទទួល​ផលធំជាងគេ​ដោយមានការកើនឡើង៧៣ភាគរយនៃលំហូរវិនិយោគផ្ទាល់ពីប្រទេសចិននិងហុងកុងកាលពីឆ្នាំមុន។ នៅ​ក្នុង​ឆមាសទីមួយនៃឆ្នាំ ២០១៩ ការវិនិយោគផ្ទាល់ពីបរទេស(FDI)នៅវៀតណាម ក៏បានកើនឡើង២១១ ភាគ​រយ​។

ប្រទេសម៉ាឡេស៊ីក៏បានកត់ត្រាលំហូរចូលនៃប្រាក់របស់ចិនផងដែរ ដែលបានកើនឡើងនៅដើមឆ្នាំនេះ បន្ទាប់​ពី​ការធ្លាក់ចុះជិត២ឆ្នាំ ខណៈដែលប្រទេសសឹង្ហបុរី ក៏ជាអ្នកឈ្នះផងដែរ ដោយសារក្រុមហ៊ុនជាច្រើនដែលធ្វើ​ដំណើរ​ទៅ​ប្រទេសម៉ាឡេស៊ី ទំនងជានឹងខ្ចីប្រាក់ពីធនាគាររបស់សឹង្ហបុរី។

លោកស្រីលីបានមានប្រសាសន៍ថា សូម្បីតែប្រទេសហ្វីលីពីនដែលមិនត្រូវបានគេស្គាល់ថាជាកន្លែង​សម្រាប់​ក្រុមហ៊ុនវិនិយោគ ក៏កំពុងទទួលបានពាក្យសុំវិនិយោគផ្ទាល់ពីបរទេសផងដែរ ហើយអ្នកចាញ់ហាក់​ដូចជា​ប្រទេសឥណ្ឌូនេស៊ី។

តួលេខរបស់ធនាគារពិភពលោកបង្ហាញថា មានក្រុមហ៊ុនរបស់ប្រទេសចិនចំនួន៣៣ បានផ្លាស់ប្ដូរការធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ក្រៅ​ប្រទេស ហើយក្នុងនោះចំនួន២៣ក្រុមហ៊ុនបានជ្រើសរើសប្រទេសវៀតណាម ខណៈ​ចំនួន​១០​ផ្សេងទៀត បានទៅប្រទេសម៉ាឡេស៊ី ថៃ កម្ពុជា និងប្រទេសអាស៊ានផ្សេងៗទៀត។

លោកស្រីលីបាននិយាយថា ក្រុមហ៊ុនជាច្រើនដែលមានការប្រុងប្រយ័ត្នក្នុងជ្រើសរើសប្រទេសឥណ្ឌូនេស៊ី គឺ​ដោយសារបញ្ហាសំខាន់ៗជាច្រើន ដូចជាច្បាប់ការងារដែលតម្រូវឱ្យនិយោជិក ត្រូវ​បង់ប្រាក់ផ្តាច់ប្រាក់​ឈ្នួល​ខ្ពស់​បើទោះបីជាបុគ្គលិកត្រូវបានបណ្តេញចេញក៏ដោយ៕

ប្រភព៖ South China Morning Post

Advertisements