ប្រជាពលរដ្ឋប្រមាណជាង១០០ គ្រួសារ រស់នៅក្នុងភូមិសាន់គរ ឃុំសាន់គរ ស្រុកកំពង់​​ស្វាយ ខេត្តកំពង់ធំ ដែលបាន ប្រកបមុខរបរដាល់អំបុកលក់ជាច្រើនឆ្នាំតៗគ្នា ចាប់តាំង​ពី​បុរាណ​កាល រហូតមកដល់សព្វថ្ងៃនេះ បានលើកឡើងថា មុខរបរតាំងពីដូនតា របស់​ពួក​គាត់ ដែល​អាចនិយាយបានថា ជាទំនៀមទម្លាប់ ប្រពៃណី និងជាមុខរបរមួយ​ដែល​ប្រជាពលរដ្ឋ រស់នៅក្នុងភូមិនេះធ្វើជារៀងរាល់ឆ្នាំ។  ទន្ទឹមនេះ ក៏មានប្រជាកសិករ​ខ្លះប្រកបមុខរបរនេះ​តមកពីឪពុកម្តាយ របស់ពួកគាត់ ដោយមិនដឹងថា តើនៅស្រុកភូមិ​របស់​ពួកគាត់មានអំបុក​តាំង​ពីពេលណាមកនោះឡើយ។ តំណាងប្រជាពលរដ្ឋដែល​ប្រក​បរបរ ដាល់អំបុក នៅតាម​ដងផ្លូវនេះបានលើកឡើងថា អំបុករបស់ពួកគាត់មាន​រស់ជាតិឆ្ងាញ់ និងសុទ្ធតែថ្មីៗ និង​ស្រួយល្អ។ ជាមួយគ្នានេះ ការដាល់ ឬបុកអំបុក​នេះ​គឺធ្វើនៅរដូវដែលមាន​ស្រូវថ្មីមកដល់តែ​ប៉ុណ្ណោះ គឺចាប់តាំងពីខែមិថុនា រហូតដល់ វិច្ឆិកា ឬខែធ្នូ ទើបឈប់ធ្វើអំបុក ព្រោះអស់​ស្រូវថ្មី​សម្រាប់ធ្វើ  និងជាពិសេសផុតរដូវអុំទូក អកអំ​បុក និងសំពះព្រះខែ ដែលជារដូវ និងពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរយើង។ 

Advertisements

ចំពោះមុខរបរដាល់អំបុកនេះមានតាំងពីដូនតា ឪពុកម្ដាយធ្វើតៗគ្នាមក ដោយពួកគាត់​ធ្វើតាំងពីពួកគាត់នៅក្មេងៗមកម្លេះ ប៉ុន្តែកាលពីមុន បុកដោយដៃ ជាក្រុមៗ តែប្រហែល​ជាង១០ឆ្នាំមកហើយ ពួកគាត់កែប្រែពីបុកដោយដៃមកប្រើប្រាស់​ “ត្បាល់ក្តឿង”  ជាន់​ដោយ មនុស្ស។ លុះក្រោយមកទៀត ប្រហែលជា២ឆ្នាំចុងក្រោយនេះ ការដាល់អំបុក ចាប់ផ្តើមកែច្នៃ​ដោយ​ប្រើម៉ាស៊ីនគោយន្តជំនួសវិញ ដោយពួកគាត់កាត់​បន្ថយ​កម្លាំង​ពលកម្មបានមួយកម្រិត ដោយសារពួកគាត់មានគំនិតច្នៃប្រឌិត ចេះយកម៉ាស៊ីនគោយន្ត មកជំនួសកម្លាំងមនុស្ស​ដោយ​ផ្ទាល់ និងមានភាពរហ័ស បានលឿនជាងកម្លាំងមនុស្ស។

ជាមួយគ្នានេះដែរ ដោយប្រមុខរាជរដ្ឋាភិបាលក៏បានប្រកាសចូលរួមគាំទ្របងប្អូន​ប្រជា​កសិករ ដែលប្រកបរបរបុកអំបុក ជំរុញឱ្យខិតខំប្រកបមុខរបរនេះជាបន្តទៀត ក្នុងនោះ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន កំណត់យកថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជាថ្ងៃទទួលទានអំបុក​ទាំងអស់គ្នា នៅទូទាំងប្រទេសរបស់ជនរួមជាតិខ្មែរ ដើម្បីថែរក្សានិងការពារជាតិ សាសនា ព្រះមហា​ក្សត្រ៕ AKP

Advertisements