(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខា លើលិខិតប្តូរសារស្តីពីការ​ផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ជាង ២៥លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្តី​ការក្រសួងការបរទេស។

Advertisements

ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ សម្រាប់អនុវត្តគម្រោង«អភិវឌ្ឍប្រព័ន្ធបង្ហូរ​ទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ» ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា តាមរយៈថវិកាជាង ២៥លានដុល្លារនេះ ជប៉ុន នឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងបឹងជើងឯក​ភាគខាងត្បូងរាជធានីភ្នំពេញ។ ឯកឧត្តមអគ្គរាជទូតជប៉ុនរំពឹង​ថា បរិយាកាស​ប្រព័ន្ធ​បង្ហូរទឹកក្នុងរាជធានីភ្នំពេញ នឹងត្រូវបានកែលម្អ ព្រមទាំងអាចលើកកម្ពស់​គុណភាព​ជីវភាពរស់នៅរបស់ប្រជាជន ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។

ជាការឆ្លើយតប ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានថ្លែងអំណរគុណ​ដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​នៅកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា ជំនួយរបស់ជប៉ុននេះ នឹងរួមចំណែកដ៏​សំខាន់​ដល់ការធ្វើអោយប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការ​អភិវឌ្ឍ​ប្រកបដោយផ្លែផ្កានេះ កម្ពុជា និងជប៉ុន បានក្លាយជាដៃគូកាន់តែធំ លើវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណ ដល់ស្ថានទូតជប៉ុន និងទី​ភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JACA ដែលបានខិតខំយក​ចិត្តទុកដាក់យ៉ាង​សកម្មក្នុងការជួយជំរុញ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព រវាងកម្ពុជា-ជប៉ុន អោយ​កាន់​តែរីកចម្រើនលើគ្រប់វិស័យ៕

Advertisements