ភ្នំពេញ៖ ឆ្លើយតបនឹងការរិះគន់នេះ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ លោក វេង សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ថា សត្វដែល​ស្គមស្គាំងទាំងនោះ មិនមែនខ្វះចំណីដូចការរិះគន់ឡើយ។ លោកបញ្ជាក់ថា បើតាម​របាយការណ៍របស់រដ្ឋបាលព្រៃឈើ សត្វស្គមៗទាំងនោះ គឺមានជំងឺ ហើយរដ្ឋបាល​ព្រៃឈើ និងអង្គការជាដៃគូចំនួន៣ បានសហការថែទាំងជាប្រចាំ។

Advertisements

លោករដ្ឋមន្រ្តីបន្ថែមថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺជាកន្លែងស្តារនីតិសម្បទារបស់សត្វ ដូច្នេះនៅពេលមានសត្វព្រៃឈឺ ឬដែលអ្នក​ចិញ្ចឹមសត្វ ដែលចង់ចិញ្ចឹម ឬមានបញ្ហាសុខភាព ធ្លាក់ខ្លួនឈឺស្គមស្គាំង គឺគេយក​ទៅឲ្យមន្ត្រី និងអង្គការជាដៃគូ ជួយថែរក្សា និងព្យាបាល ដូច្នេះហើយ​ទើបឃើញមាន​សត្វខ្លះនៅទីនោះ ស្គមដូចខ្វះចំណី។

ការពន្យល់ និងឆ្លើយតបរបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្មខាងលើនេះ ដើម្បីស្រាយ​បំភ្លឺចំពោះមតិរិះគន់នៅលើបណ្តាញសង្គម Facebook មួយចំនួន ដែលបាន​បង្ហោះ​សាររិះគន់ថា សួនសត្វភ្នំតាម៉ៅ ស្ថិតក្រោមការដឹកនាំរបស់រដ្ឋាបាលព្រៃឈើ នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តែតបណ្តោយឲ្យសត្វមួយចំនួន ធ្លាក់ខ្លួន​ស្គមស្គាំង ដោយសារខ្វះចំណី។

ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានទីតាំងនៅភូមិត្រពាំង​សាប ឃុំត្រពំាងសាប ស្រុកបាទី ខេត្តតាកែវ ដែលមើលការខុសត្រូវ ដោយអង្គការ​ដៃគូចំនួន ៣ គឺអង្គការ Wildlife Alliance, FFI និងអង្គការ Free the Bear»៕

Advertisements