ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅទីប្រជុំជន ពិសេសក្នុងរាជធានីភ្នំពេញ នៅមានភាព​ខ្វះចន្លោះក្នុងទុកដាក់សំរាមអោយបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់។ សំរាម ដែល​បោះចោលពាសវាលពាសកាល បានអណ្តែតតាមទឹក ធ្លាក់ចូលលូ បង្កការស្ទះលូ នៅពេលមានជំនន់ទឹកភ្លៀង។

Advertisements

សំរាម មិនត្រឹមតែជះឥទ្ធិពល មិនល្អដល់សង្គម និងសុខភាពប៉ុណ្ណោះទេ ថែមទាំង​ប៉ះ​ពាល់ដល់បរិស្ថាន និងងាយបង្កការកកស្ទះលូជាញឹកញាប់ បណ្តាល​មកពីប្រ​ជាពល​​រដ្ឋទុកដាក់មិនបានត្រឹមត្រូវ ជាពិសេសនៅរដូវវស្សានេះ។

យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន បច្ចុប្បន្ននេះ នៅ​ក្នុង​មួយ​ថ្ងៃ សំណល់​រឹង​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​រហូត​ដល់ ៣០០០ តោន ក្នុងនោះ ៦៥% ជា​សំរាម​សើ​ម ២០%​ជា​ថង់ប្លាស្ទិក និង​ជាង ១០% ជា​សំណល់​រឹង​។ ចំណែក​ការ​ការច្នៃ​សំរាម មាន​ត្រឹមតែ ២០%​ប៉ុណ្ណោះ​ដែល​ធ្វើឱ្យ​អាត្រា​សំរាម​ដែល​ត្រូវ​បោះចោល​នៅ​ទី​លាន​សំរាម​មាន​ពី ៧០ ទៅ ៨០% និង​សំរាម​មួយចំនួន​ទៀត​ត្រូវបាន​បោះចោល​អនា​ធិបតេយ្យ​នៅតាម​ផ្លូវ​សាធារណៈ​នានា​។

ប្រជាពលរដ្ឋមួយចំនួន ដែលយល់ដឹងអំពីបរិស្ថាន បានសំណូមពរអោយសាធារណជន ចេះរៀបចំទុកដាក់សំរាមទៅតាមផ្នែក និងអោយបានត្រឹមត្រូវ ជាពិសេសនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ដើម្បីកុំអោយសំរាមហូរចូលលូងាយបង្កការស្ទះលូ  នាំអោយលិចលង់ក្នុងទីក្រុង។

កន្លងមក ក្រសួងបរិស្ថាន បាន​អំពាវនាវ​អោយមានការ​ចូលរួម​ថែរក្សា​អនាម័យ ទីក្រុង​តាម​រយៈធ្វើការ​ញែក​សំរាម​តាម​ប្រភេទ​សំរាម​ជា​សំណល់​សរីរាង្គ សំរាមប្លា​ស្ទិក ​សារ​ធារ​តុ​គ្រោះថ្នាក់ ​វេច​ខ្ចប់​​គ្រប់គ្រង​សំរាម ​ដែល​យើង​បង្កើត​ឱ្យបាន​ត្រឹមត្រូវ​។ កាត់បន្ថយ​ការប្រើប្រាស់ថង់ប្លា​ស្ទិក ​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​បំផ្លាញ​សោភ័ណភាព​ទីក្រុង​​។ ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ទីក្រុង​ ដោយ​ចាត់ទុក «​គ្រប់​ទីកន្លែង​ទាំងអស់​ដូចជា​ផ្ទះ​របស់​យើង​» ។ ​កុំ​ចោល​សំរាម​ផ្តេសផ្តាស​ត្រូវ​ទុកដាក់​សំរាម​ក្នុង​ធុង​ឱ្យបាន​ត្រឹមត្រូវ​ ដើម្បីរួមចំណែកធ្វើឱ្យ​ទីក្រុង​របស់​យើង​មាន​អនាម័យ​បរិស្ថាន​កាន់តែ​ល្អ​ស្អាត​៕

Advertisements