លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រម ព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពីបន្ថែមគុណភាពតំលៃស្រូវសរីរាង្គក្នុងប្រទេសកម្ពុជា ឆ្ពោះទៅកាន់ភាពរីកចំរើនប្រកបដោយបរិយាបន្ន ឬហៅថា គម្រោង “RiceTechCambodia” ។

Advertisements

គម្រោងនេះ គាំទ្រដោយទីភ្នាក់ងាសហគ្រាសរបស់ប្រទេសហូឡង់។ ពិធីចុះហត្ថលេខា ដែលធ្វើឡើងនៅសណ្ខាគារ Raffle le Royal នៅរសៀលថ្ងៃទី ២៦​ ខែកញ្ញា ក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តម Thomas Van Leeuwen តំណាងឯកអគ្គរដ្ឋទូតហូឡង់ប្រចាំព្រះរាជា ណាចក្រកម្ពុជ លោកជំទាវ ច័ន្ទ សូម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងមកពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកាយ៉ាងច្រើនកុះករ។

លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលហូឡង់ដែលបានគាំទ្រហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Amru Rice ដែលបានខិតខំស្វះស្វែងរកដៃគូជាតិនិងអន្តរជាតិបំណងកៀរគរជំនួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីយកមកអនុវត្តគម្រោងក្នុងទិសដៅជួយដល់កសិករខ្នាតតូចនៅខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា ការនាំចេញអង្ករសរីរាង្គទៅទីផ្សារសហភាពអឺរ៉ុបជាប់លំដាប់ថ្នាក់លេខ៥ ។ចំណាត់ថ្នាក់នេះ នេះសរបញ្ជាក់ឲ្យឃើញថា ការចុះកិច្ចព្រមព្រៀងថ្ងៃនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតក្នុងការជំរុញផលិតកម្មស្រូវសរីរាង្គ និងការកែច្នៃសម្រាប់នាំចេញ។ គម្រោងសង្ឃឹមថា នឹងមានកសិករខ្នាតតូចនៅតំបន់គោលដៅចំនួន ២ ៤០០គ្រួសារ ទទួលបានផល ហើយកសិករចំនួន១ ៣០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស។ ក្រៅពីនេះសហគមន៍នឹងទទួលបានលានហាលស្រូវ ឃ្លាំងស្តុក និងសម្ភារផ្សេងៗទៀត។ ដូច្នេះគ្រប់តួអង្គពាក់ព័ន្ធ ត្រូវប្តេជ្ញាចិត្តទាំងអស់គ្នាដើម្បីចូលរួមចំណែកជួយជំរុញការអនុវត្តគម្រោងនេះឲ្យទទួលបានជោគជ័យតាមការរំពឹងទុក។

Advertisements