ភ្នំពេញ៖ នំអន្សម គឺជានំមួយប្រភេទដែលមានឈ្មោះល្បីល្បាញពាសពេញទឹកដីខ្មែរ។ នំនេះ គេធ្វើដើម្បីថ្វាយជាទីសក្ការៈបូជាដល់ជីដូនជីតា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ឬក៏យើង​ធ្វើនំអន្សមនេះសំរាប់ហូប និងអាចលក់បានផងដែរ។ យ៉ាងណាមិញនំអន្សម​ខ្មែរមាន​ច្រើនប្រភរទដូជា៖ នំអន្សមចេក នំអន្សមជ្រូក នំអន្សមដូង នំគមជាដើម។

Advertisements

នំអន្សមជ្រូក

អន្សជ្រូកគឺជានំមួយប្រភេទដែលប្រជាជនខ្មែរនិយម័ធ្វើដើម្បីពិសា។ ជាពិសេសនៅ​ថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រជាជនខ្មែរទាំងអស់ត្រូវតែធ្វើនំអន្សមជ្រូកនេះដើម្បី សែនថ្វាយ និង ឧទ្ទិសជូនទៅដល់ជីដូនជីតា និង ញាត្តិការទាំងប្រាំពីរសណ្ដាន ដែលបានចែកឋាន ឬ បងប្អូន ឪពុកម្ដាយ ដែលបានស្លាប់ទៅ។ ម៉្យាងទៀត នំអន្សមជ្រូកក៏ជានំ​សម្រាប់ប្រើក្នុង​ពិធី​មង្គលការផងដែរ។

អត្ថន័យរបស់នំអន្សម៖ «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បាន​ពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង អន្សមដាក់ខ្ទិះដូង ឬសាច់​ដូងទុំកោសលាយផង។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង។ល។

មូលហេតុនាំឲ្យមានការវេចនំអន្សម តាមជំនឿសាសនា៖ យោងតាម (Nom Ansom) ឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេស​កម្ពុជា​ប្រកាន់​សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារ​ភាគច្រើនតែមាន​ទំនាក់ទំនងនឹង​សាសនា តួយ៉ាងនំអន្សមនេះជាដើម។

ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាង​ឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយ​ទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។

ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែ​សាស​នាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់​ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយ​ឡំគ្នាដូចយើង​ឃើញសព្វថ្ងៃនេះ។

«នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជា​បុណ្យ​ចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធី​បុណ្យសាស​នាមួយ​ចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្ត​នៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា៕

Advertisements