កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ​មួយផលិតផលមួយ បានកំពុងសិក្សាអំពីសក្តានុពលនៃផលិតផលស្មូនដី ដែលជា​​អត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការអភិរក្ស និងជំរុញការអភិវឌ្ឍ សំដៅ​លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាសិប្បករស្មូនដី នៅខេត្តកំពង់ឆ្នាំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជា​អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នាឱកាស​ជួបជាមួយសិប្បករស្មួនដី នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩កន្លងទៅ។

Advertisements

ដើម្បីរៀបចំបង្កើត “មជ្ឈមណ្ឌលភូមិមួយផលិតផលមួយលើវិស័យស្មូនដីកម្ពុជា” ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់ប្រជាជននៅក្នុងមូលដ្ឋាន ខិតខំ​យក​ចិត្តទុកដាក់ថែរក្សាមុខរបរស្មូនដី ដែលមានប្រវត្តិជាប់ទាក់ទងនឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់​ពីបុរាណរបស់ប្រជាជន នៅក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមរដ្ឋមន្ត្រី បានសន្យានឹងខិតខំកៀងគរប្រភពធនធាន​ និងដៃគូផ្សេងៗ ដើម្បីជួយ​ធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃ និងស្វែងរកទីផ្សារឱ្យបានទូលំទូលាយ សម្រាប់ផលិត​ផល​ស្មូនដីរបស់កម្ពុជា តាមរយៈការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ជាតិ និង​អន្តរជាតិ សំដៅផ្សព្វផ្សាយឱ្យប្រជាជន និងពិភពលោកបានស្គាល់អំពីផលិតផល ដ៏មានសក្តានុពលមួយនេះ។

បច្ចុប្បន្ន​សិប្បកម្ម​ស្មូនដី​នៅ​ខេត្ត​កំពង់ឆ្នាំង​មាន​វត្តមាន​នៅ​ឃុំ​ចំនួន​ ២ ​គឺ ឃុំ​ជ្រៃ​បាក់ និង​ឃុំ​ស្រែថ្មី សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ​ដែល​បាន​ផលិត ចង្ក្រាន ក្អម ឆ្នាំង​ដី ផើង និង​កុលាលភាជន៍​ជា​វត្ថុ​អនុស្សាវរីយ៍​ពី​ដីឥដ្ឋ​ជាដើម​៕

Advertisements