ខេត្តតាកែវ៖មន្ត្រីជំនាញសាខាកាំកុងត្រួលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លាង​​គង់ ប្រធានសាខាកាំកុងត្រួលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញា​ធរ​មូលដ្ឋាន និងកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម​ទៅលើ​ទំនិញ អាហារ និងគ្រឿងកំប៉ុងជាច្រើនមុខដែលដាក់លក់នៅក្នុងផ្សារតាកែវ ស្ថិតនៅ​សង្កាត់​រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានពិនិត្យរក​ឃើញអំបិលមួយចំនួនដែលក្រុមអាជីរករដាក់លក់មិនមានសារធាតុអ៊ីយ៉ូត។

Advertisements

អំបិលទាំងនោះផលិតដោយក្រុមហ៊ុនពីរ គឺក្រុមហ៊ុនទាគីមហួរ និងក្រុមហ៊ុន សញ្ញាត្រី​ឡូម៉ា ដែលមិនមានដាក់សារធាតុអ៊ីយ៉ូត នៅក្នុងអំបិលនោះទេ។  មន្ត្រីជំនាញ បានធ្វើ​ការ​ណែនាំដល់បងប្អូនអាជីវករ ឱ្យទាក់ទងទៅក្រុមហ៊ុនទាំងពីរខាង​លើឱ្យនាំយកអំបិល​ដែលមានដាក់សារធាតុអ៊ីយ៉ូតមកចែកចាយលក់លើទីផ្សារឡើងវិញ។

លោក ប៉ោ លាងគង់ បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករ ដែលដាក់លក់ទំនិញ លើទីផ្សារទាំងអស់ត្រូវតែលក់ទំនិញដែលគ្មាន ដាក់សារធាតុគីមីដែលនាំឱ្យប៉ះ ពាល់​ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសការដាក់លក់អំបិលត្រូវតែអំបិល ដែល​មានសារធាតុអ៊ីយ៉ូត។ ព្រោះការប្រើប្រាស់អំបិលដែលគ្មាន​ជាតិអ៊ីយ៉ូតវានឹងធ្វើ​ឱ្យអ្នក​ប្រើប្រាស់ពកក និងមិនមានការលូតលាស់ដល់រាងកាយ បញ្ញា ស្មារតីរបស់​កុមារ​ឡើយ៕

Advertisements