អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា កាកសំណល់ប្លា​ស្ទិកចំនួន​៨៣​កុងតឺន័រ ត្រូវបានក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD ដឹកជញ្ជូនត្រឡប់​ទៅ​កាន់ប្រទេសដើមវិញរួចរាល់ហើយ និងបានបំពេញ​តាមលក្ខខណ្ឌ​ទាំងអស់ ដែលសម្រេចដោយអាជ្ញាធរ មានសមត្ថកិច្ចកម្ពុជា។ 

Advertisements

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រ​សួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីវឌ្ឍនភាពនៃការដឹកជញ្ជូន​កាកសំណល់ប្លាស្ដិកចំនួន​៨៣ កុងតឺន័រ  កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ 

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានសម្រេច​ដាក់បន្ទុកលើ​ក្រុម​ហ៊ុនដែលប្រព្រឹត្តល្មើសរួមមាន៖ ការបង់ពិន័យជាប្រាក់ចូលថវិកាជាតិ និង​តម្រូវ​ឱ្យនាំ​ចេញនូវកាកសំណល់ប្លាស្ទិកទាំងនេះ ត្រឡប់ទៅប្រទេសដើមវិញ។

តាមទិន្នន័យបឋមដែលទទួលបានពីសមត្ថកិច្ច ស៊ើបអង្កេត សំណល់ប្លាស្ទិកទាំង៨៣ កុងតឺន័រ ដែលជាទំនិញហាមឃាត់ត្រូវបានសមត្ថ កិច្ច​បង្ក្រាបបាននៅកំពង់​ផែស្វយ័ត​ព្រះ​សីហនុ គឺមានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេស​កាណាដា ដែលមាន​ទម្ងន់​ប្រមាណ១.៦០០ តោន។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់​បានប្រាប់​ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា “ការលួចនាំចូលទំនិញ ហាមឃាត់សំណល់​ប្លាស្ទិកនេះ​ត្រូវបានគេក្លែងឈ្មោះជាទំនិញដោយដាក់ថា ជាផលិតផល​សម្រាប់កែច្នៃឡើងវិញ ដោយមិនបានបញ្ជាក់ថា ជា ​​សំណល់ប្លាស្ទិកឡើយ ហើយសមត្ថកិច្ច​បានរៀប​ចំដំណើរ​ការនីតិវិធីកំណត់ថា ទំនិញហាមឃាត់ទាំងនេះ មកពីប្រភពណា ត្រូវបញ្ជូន​ទៅ​ប្រទេស​នោះវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជា​ធរមាន៕

Advertisements