លោក គីម វ៉ុន គុក ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ Dong Sung Farm បានអោយដឹងថា បច្ចុប្បន្នលោកចិញ្ចឹមគោចំនួន ៧០០ក្បាល នៅក្នុងកសិកដ្ឋាន មានទីតាំងនៅភូមិចារ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។  ភាគច្រើនគោទាំងអស់បានប្រមូលទិញ​ពីប្រជាកសិករយកមកបំប៉នយកសាច់ដោយប្រើប្រាស់ចំណីមានគុណភាពល្អ។ នេះបើតាមការបន្ថែមរបស់លោក វ៉ុនគុក។

Advertisements

ម្ចាស់កសិដ្ឋាន បានលើកលើកឡើងថា លោកចាប់ផ្តើមបង្កើតកសិដ្ឋាននេះ នៅចុងឆ្នាំ ២០១៨ គិតរហូតមកដល់ពេលនេះ មានរយៈពេលជិត ១ឆ្នាំហើយ។

លោកគីម បានបន្ថែមទៀតថា លោកកំពុងរៀបចំសត្តឃាតដ្ឋានមួយមានស្តង់​ដារអ​នាម័យ គុណភាព និងសុវត្ថិភាពខ្ពស់សមស្របតាមស្តង់ដារ​សត្តឃាតដ្ឋានអន្តរជាតិ។ អនាគតកសិដ្ឋានមានផែនការពង្រីកការផលិតកម្មចិញ្ចឹមឲ្យដល់ទៅ ៥០០០ក្បាល ដោយធ្វើការនាំចូលពូជគោល្អៗ ការបង្កាត់សប្បនិម្មិត និងរួមសហការជាមួយ​អ្នកចិញ្ចឹម​គោក្នុងតំបន់នេះ តាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះឆន្ទៈវិនិយោគ​កសិដ្ឋានរបស់​លោកគីម ហើយអាចនិយាយបានថា ជាកសិដ្ឋានចិញ្ចឹមគោបំប៉ន​យក​សាច់​ល្អជាង​គេនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយសំអាងលើការគ្រប់គ្រង ហេ​​ដ្ឋារចនាសម្ព័ន្ធ គុណភាពចំណី អនាម័យ បរិស្ថានជុំវិញ ចំនួនសត្វ និងសុខ​ភាពនៃ​សត្វ។

លោក វេង សាខុន គាំទ្រ និងលើកទឹកចិត្តដល់ផែនការពង្រីក​ផលិតកម្មចិញ្ចឹមនាពេល​អនាគត ព្រោះនឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យ​ផលិតកម្មគោសាច់នៅ​កម្ពុជា​ឲ្យកាន់តែល្អប្រសើរឡើង៕

Advertisements