តាមរយៈការសង្ស័យនេះ ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវ​កម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ២៧កន្លែង នៅក្នុងរាជធានីភ្នំពេញដែលសង្ស័យថា អាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុក​ដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូប​ភាព​ផ្សេងទៀត ពាក់ព័ន្ធនឹងសត្វព្រៃ និងតម្រូវឱ្យ​បញ្ឈប់​ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃ​ឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

Advertisements

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​នៅថ្ងៃទី១៣ ខែកញ្ញា បានបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រសួងបរិស្ថានបានជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ចំនួន៥៩កន្លែង ហើយក្នុងនោះ រួមមានរាជធានី​ភ្នំពេញចំនួន២៧កន្លែង ខេត្តសៀមរាបចំនួន៣០កន្លែង និងខេត្តព្រះសីហនុចំនួន​២កន្លែង។

ឯកឧត្ដមបានគូសបញ្ជាក់ថា ប្រសិនបើម្ចាស់អាជីវកម្មមាន​លាក់​ទុក ឬលក់វត្ថុអនុ​ស្សាវ​រីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះ សូមប្រញាប់ប្រគល់ជូន​ដល់​សមត្ថ​កិច្ច ហើយ​ប្រសិនបើសមត្ថកិច្ចរកឃើញ​និងចាប់បាននឹងចាត់វិធានការចំពោះជនល្មើស​តាម​ច្បាប់ជាចាំបាច់។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដថា ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និង​កុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃផ្សេងគឺល្មើស​ច្បាប់ត្រង់​មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុច​ទី៥) ដែលប្រសិនបើរកឃើញថាមានកំហុស នឹងត្រូវប្រឈមមុខនឹង​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ និង​ប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារថែមទៀតផង។ 

ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃទាំងនេះ គឺដើម្បីធានាការអនុវត្ដ​ច្បាប់ដែល​ហាមឃាត់ឱ្យកាន់តែមានប្រសិទ្ធភាពដោយដាក់ចុះនូវវិធានការចំនួន៦ ចំណុច រួម​មានដូចជា ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មានដែលមាននៅលើ​និវេទន៍​ប័ណ្ណ អញ្ញត្តិប័ណ្ណ វិក្កយបត្រ និងឬបញ្ជីវេចខ្ចប់ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំ​ចេញ និងការឆ្លងកាត់​ខុសច្បាប់នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿង​ចម្លាក់​កែច្នៃពីភ្លុកដំរីនិងកុយ​រមាស​ខុសច្បាប់៕ AKP

Advertisements