ភ្នំពេញ៖ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាលលទ្ធផលប្រឡង​សញ្ញា​បត្រមធ្យម​សិក្សាទុតិយភូមិកាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ នៅពេលនេះ បេក្ខ​ជន ដែលមិនពេញចិត្តនឹងលទ្ធផល បានចាប់ផ្តើមតវ៉ា កាលពីព្រឹកថ្ងៃពុធ ទៅក្រ​សួង​អប់រំ អោយធ្វើការត្រួតពិនិត្យ និងបូកសរុបពិន្ទុឡើងវិញ។

Advertisements

នេះគឺជាការតវ៉ាលើកទី១ របស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ក្នុង​រាជ​ធានីភ្នំពេញ នៅមុខក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្នើសុំក្រសួង​ធ្វើការត្រួត​ពិនិត្យ និងបូកសរុបលទ្ធផលប្រឡងឡងវិញ។ ដោយបេក្ខជន បានលើកឡើងថា ពួកគេជឿជាក់ក្នុងការប្រឡងនេះ ថានឹងទទួលបានលទ្ធផលល្អ តែបែរជាធ្លាក់ និងបាននិទ្ទេសទាបទៅវិញ។

សម្រាប់លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ ក្រសួងគ្រាន់តែបង្ហាញពីនិទ្ទេស​ប៉ុណ្ណោះ ដោយមិនបង្ហាញលំដាប់ពិន្ទុឡើយ។ ក្រសួងអះអាងថា លំដាប់ពិន្ទុ នឹងបង្ហាញ​ក្នុងសញ្ញាបត្ររបស់សិស្ស។  បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានឆ្លើយតបតាមរយៈសារអេឡិចត្រូនិចថា ក្រសួងអប់រំ មិនមានគោលការណ៍បើកចំហរជូនបេក្ខជនដូចឆ្នាំ២០១៨នោះទេ។

ជាទូទៅ ក្រសួង​អប់រំ ស្វាគមន៍មតិរិះគន់ស្ថាបនា និងឆ្លើយតបតាមភាពចាំបាច់ និងតាមគោល​ការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។ អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានផ្តល់ភាពសុក្រឹត និងប្រសិទ្ធភាព នៃគ្រប់ដំណាក់កាល​ប្រឡង​ឆ្នាំនេះ បានមកពីកិច្ចសហការណ៍របស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុម​ការងារ​កំណែក្រដាសកិច្ចការបេក្ខជន ក្រុមការងារស្រង់បូកពិន្ទុដោយកំព្យូទ័រ និងពិនិត្យ​ផ្ទៀងផ្ទាត់ពិន្ទុយ៉ាងច្បាស់លាស់៕

Advertisements