ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើក​ទឹកអោយបេក្ខជន ដែលទទួលបានលទ្ធផលអវិជ្ជមាន ឬធ្លាក់នៅឆ្នាំនេះ បន្តការសិក្សា​ជាថ្មីម្តងទៀត ដើម្បីអនាគតរបស់ខ្លួន។

Advertisements

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ដែលក្រសួងអប់រំ យុវជន និងកីឡា បាន​ផ្សព្វផ្សាយ​កាលពីថ្ងៃទី ០៩ ខែកញ្ញា បានបង្ហាញថា បេក្ខជន ដែលប្រឡងជាប់​មាន​ចំនួនជិត ៨ម៉ឺននាក់ ត្រូវនឹង ៦៨.៦២%។ រដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន លើកចិត្តចំពោះបេក្ខជន ដែលមិនបានប្រឡងជាប់បាក់ឌុបឆ្នាំនេះ អោយបន្តការ​សិក្សា​មួយឆ្នាំទៀត ដើម្បីអនាគតរបស់ខ្លួន។ «ប្អូនៗ ដែលមិន​មានឱកាសប្រឡងជាប់ សូម​ប្អូនៗបន្តខិតខំប្រឹងប្រែងរៀនបន្តទៀត ហើយអាច ប្រឡងនៅឆ្នាំក្រោយជាបេក្ខជន​ស្វ័យរិន ឬក៏ដាក់ពាក្យរៀនជាបេក្ខជន បំពេញវិជ្ជា ដើម្បីបន្តប្រឡងនៅឆ្នាំក្រោយ​បន្តទៀត ក្នុងគោលដៅចាប់យកអាជីពរបស់ប្អូនៗ»។

ជាមួយគ្នានេះ បេក្ខជនជាប់និទ្ទេសA នៅរាជធានីភ្នំពេញ កញ្ញា ឌុច សំវិរិយា ក៏បានផ្ញើ​សារ​លើកទឹកចិត្ត ដល់បេក្ខជន ដែលទទួលបានលទ្ធផលអវិជ្ជមានឆ្នាំនេះ កុំអោយបាក់​ទឹកចិត្ត និងខំប្រឹងប្រែងជាថ្មីម្តងទៀត។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ២០១៩​ កាលពីរសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ។ លទ្ធផល​បាន​បង្ហាញថា  សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួនជិត ៨ម៉ឺន​នាក់ ត្រូវនឹង ៦៨.៦២​ភា​គរយ​។​ ក្នុងនោះ សិស្សដែលជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ បើធៀបនឹងនិទ្ទេសA ឆ្នាំ ២០១៨ កើនឡើង ៣៥នាក់។ បេក្ខជនជាប់និទ្ទេសA មានចំនួន ២១ខេត្តក្រុង ក្នុងនោះរាជធានីភ្នំពេញ មានសិស្សជាប់និទ្ទេសA ច្រើនជាងគេ គឺហូតដល់ទៅ ១៤១នាក់ បន្ទាប់មកខេត្តសៀមរាប បាត់ដំបង និងខេត្តតាកែវជាដើម៕

Advertisements