ភ្នំពេញ ៖ ក្រសួងបានប្រកាសថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រកាសនៅរសៀលថ្ងៃនេះ ក្រោយពីដំណើរការស្រង់ បូកពិន្ទុ ដោយកុំ​​ព្យូទ័រ និងការពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ សម្រេចបាន១០០ភាគរយ តាំងពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៩។ នេះបើតាមការអោយដឹងពីអ្នកនាំ​ពាក្យក្រ​​សួង​អប់រំយុវជន និងកីឡា ឯកឧត្តមបណ្ឌិត រស់ សុវាចា។

Advertisements

បើតាមឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាន​អោយ​ដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាស​លទ្ធផលប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​មុនការគ្រោងទុក ពោលគឺនៅថ្ងៃទី០៩ ខែកញ្ញានេះ សម្រាប់​មណ្ឌល​ប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចំណែកនៅថ្ងៃទី១០ ខែកញ្ញា នឹងប្រកាសនៅ​បណ្ដា​ខេត្តផ្សេងៗ។ ហើយលទ្ធផលក៏នឹងមានផ្សាយជូន​តាមបណ្តាញ​សង្គម Facebook ផ្លូវការ​របស់ក្រសួងអប់រំផងដែរ។

តាមរយៈអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគោរពថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការវិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធ ដែលបន្តគោរពគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលអាចទទួលយកបាន ក៏ដូចជាការចូល​រួមគោរពបទ​បញ្ញត្តិមាន​ជាធរមាននានាក្នុងប្រតិបត្តិការកែវិញ្ញាសារនេះ៕

Advertisements