សហគ្រិន​ស្នេហា​បរិស្ថាន​កញ្ញា ហុក សុវណ្ណ​វ​ត្តី បាន​ច្នៃ​ក្រណាត់​អនាម័យ​ស្ដ្រី​ដែល​បង្កើតឡើង​ពី​កប្បាស​ខ្មែរ​សុទ្ធ​ចំពោះ ផ្នែក​ខាងលើ​និង​ខាងក្នុង ហើយ​ខាងក្រោម​ធ្វើឡើង​ពី​ក្រណាត់​មិន​ជ្រាប​ទឹក PUL ដែល​ក្រណាត់​អនាម័យ​ស្ដ្រី​នេះ អាចជួយ​ការពារ​សុខភាព​ស្ដ្រី​និង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ទៅដល់​បរិស្ថាន ខុស​ទៅនឹង​សំឡី​អនាម័យ​ដែល​បង្កើតឡើង​ដោយ​មាន​សារធាតុ​គីមី​និង​ជាតិ​ប្លា​ស្ទិ​ក។

Advertisements

កញ្ញា សុវណ្ណ​វ​ត្តី អាយុ២៤ឆ្នាំ​និង​ជា​និស្សិត​ខាង​ទំនាកទំនង​និង​ច្បាប់​ភាសា​អង់គ្លេស​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រណាត់​អនាម័យ​ស្ដ្រី​នេះ មាន​បី​ខ្នាត គឺ​ខ្នាតតូច​មានតម្លៃ៤ដុល្លារ ខ្នាត​មធ្យម​មានតម្លៃ៥ដុល្លារ និង​ខ្នាត​ធំ​ប្រើ​សម្រាប់​ពេលយប់​មានតម្លៃ៧ដុល្លារ ហើយ​ក្រណាត់​អនាម័យ​ទាំងនេះ អាច​លាង​សម្អាត​ដោយ​បោកគក់​ជាមួយ​សាប៊ូ​បាន និង​អាច​ប្រើប្រាស់​ចាប់ពី២ទៅ៣ឆ្នាំ។

កញ្ញា​បាន​លើកឡើងថា«ខ្ញុំ​ជា​មនុស្ស​ម្នាក់​ចូលចិត្ត​ធ្វើ​ការងារ​សង្គម និង​ខ្វល់ខ្វាយ​ពី​បរិស្ថាន។ ការដែល​ខ្ញុំ​ផ្ដួចផ្ដើម​ចង់​ធ្វើ​ក្រណាត់​នេះ​ឡើង គឺ​ខ្ញុំ​ចង់​ណែនាំ​ជម្រើស​ដល់​ស្ដ្រី​ក៏ដូចជា​ដឹង​ច្បាប់​ថា វា​អាចជួយ​កាត់បន្ថយ​ប្លា​ស្ទិ​កបាន​ច្រើន»។

ក្រណាត់​អនាម័យ​ស្ដ្រី​ចាប់ផ្ដើម​បង្កើតឡើង​កាលពី​ពាក់កណ្ដាល​ខែឧសភា​ឆ្នាំ២០១៩នេះ ដោយ​ដេរ​ឡើង​ដោយ​ស្ដ្រី​មាន​កូនតូច​ម្នាក់​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ ស្ថិត​ក្នុងភូមិ​សំបុកចាប តំបន់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ហើយ​ក្នុង​រយៈ​ពេល​៣ខែ​មកនេះ គឺមាន​ក្រណាត់​អនាម័យ​ការពារ​បរិស្ថាន​នេះ​ចំនួន​ជាង២០០ហើយ ត្រូវបាន​លក់ ហើយ​ការ​ដាក់លក់​នេះ គឺ​មានតែ​នៅក្នុង​ហាង«ដៃ​ខ្មែរ» ហាង​នៅ​ខេត្តកំពត​និង​សៀមរាប និង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Green Lady Cambodia។

កញ្ញា សុ​វ​ត្តី បន្ថែមថា ចាប់តាំងពី​កញ្ញា​ប្ដូរ​មក​ប្រើ​ក្រណាត់​អនាម័យ​ដែល​នាង​ច្នៃ​ឡើង​នេះ គឺ​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា សុខភាព​ល្អ​ជាង​មុន លែង​អា​ល្លែ​ក​ហ្សី រដូវ​ក៏​មក​ទៀង ហើយ​មាន​អារម្មណ៍​ធូរស្រាល​ច្រើនណាស់។

កញ្ញា​ថា«សម្រាប់​អ្នក​ដែល​គាត់​បាន​ទិញ​ផលិតផល​ខ្ញុំ​យកទៅ​ប្រើ គាត់​សរសើរ​ថា វា​ជួយ​បរិស្ថាន និង​អ្នក​ខ្លះទៀត​គាត់​មាន​អារម្មណ៍​ថា​សុខភាព​រដូវ​គាត់​ល្អ​ជាង​មុន ងាយស្រួល​ពាក់ គ្មាន​រមាស់​ឬ​អា​ល្លែ​ក​ហ្សី។ ខ្ញុំ​ដឹងថា សំឡី​អនាម័យ​មាន​សារ​ធាតុ​គីមី មិនគួរ​ដាក់​ផ្ទាល់​នឹង​ស្បែក​ឡើយ»។

កញ្ញា សុវណ្ណ​វ​ត្តី រំពឹងថា នៅពេល​ខាង​មុន កញ្ញា​នឹង​ពង្រីក​ការផលិត​ក្រណាត់​អនាម័យ​នេះ​បន្ថែមទៀត ដើម្បី​ជួយផ្ដល់​ការងារ​ដល់​ស្ដ្រី​ឱ្យបាន​កាន់តែច្រើន​នាក់៕

Advertisements