ដោយសាតែរដូវប្រាំងឆ្នាំនេះបានអូសបន្លាយពេលយូរ បានធ្វើឱ្យស្រូវរដូវវស្សារបស់​ប្រជា​កសិករនៅ​ក្នុង​ស្រុកពួក ខេត្តសៀមរាប ទទួលរងនូវការខូចខាតអស់ប្រមាណ៨. ៥២៥​ហិកតា។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរ ស្រុកពួក។

Advertisements

លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក ខេត្ដសៀមរាបបានលើកឡើងថា ក្រោយ​ពេលទទួលបានរបបទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ស្រូវរបស់កសិករដែលទទួលរងនូវផល​ប៉ះ​ពាល់ទាំងនោះ ហាក់មានសភាពលូតលាស់មកវិញ តែមិនមានសង្ឃឹមថា​នឹងទទួល​បាន​ផល​នោះទេ ដោយស្រូវខ្លះបានហួសរយៈពេលនៃការ​លូតលាស់អស់​ទៅហើយ។ លោកបាន​បញ្ជាក់​ថា បើទោះបីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ពិតមែន តែនៅតាមវាល​ស្រែទាំងនោះ​ក៏គ្មានទឹកដក់សម្រាប់ដំណាំស្រូវលូតលាស់នៅឡើយដែរ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ដសៀមរាបបានគូសបញ្ជាក់ថា តាម​ការពិនិត្យពីស្ថានភាពនៃវាលស្រែរបស់បងប្អូនប្រជាកសិករ គឺពួកគាត់ធ្វើស្រែពុំមាន​ទំនប់​ទប់ស្កាត់តំកល់ទឹកទុកក្នុងស្រែ  ដែលធ្វើឱ្យដីស្រែរបស់បងប្អូនគ្មាន​ទឹកដក់​សម្រាប់​​ចិញ្ចឹម​ស្រូវ។ ឯកឧត្ដមបន្ដថា បងប្អូនប្រជាកសិករគាត់គិតមិនដល់អំពី​អត្ថប្រយោជន៍​​ក្នុងការធ្វើ​ប្រព័ន្ធ​ភ្លឺ​ស្រែរបស់ខ្លួន នៅពេលដែលបងប្អូនធ្វើការដាក់ជី​ស្រែតែគ្មានភ្លឺបិតបាំង ពេលទឹកចូល​មកដល់នោះ ជីទាំងនោះនឹងហូរនាំទៅអស់​ពីស្រែរបស់បងប្អូន៕

Advertisements