វៀតណាម៖ នៅ​ទូ​ទាំង​ប្រទេស ប្រទេស​វៀត​ណាម​បាន​កាប់​សម្លាប់​ជ្រូក​ចោល​កើន​ដល់​៤​លាន​៧​សែន​ក្បាល ដោយ​សារ​ឆ្លង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក ខណៈ​ជំងឺ​ឆ្លង​នេះ​បាន​រាល​ដាល​ដល់​គ្រប់​ខេត្ត​ទាំង​អស់​របស់​ប្រទេស​វៀត​ណាម​ទាំង​៦៣ខេត្ត​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​មន្រ្តី​វៀត​ណាម កាលពី​ថ្ងៃ​សុក្រ​ កន្លងទៅ​។

Advertisements

លោក Pham Van Dong ប្រធាន​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​នៃ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​និង​កសិ​កម្ម​វៀត​ណាម ​បាន​និយាយ​ថា​«​ពួក​យើង​បាន​សម្លាប់​ជ្រូក​ចោល​ប្រហែល​៤​លាន​៧​សែន​ក្បាល​ហើយ ។ ដូច​អ្នក​បាន​ដឹង​ហើយ​ថា ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​ និង​កសិ​កម្ម​បាន​ប្រ​កាស​ថា ការ​ផ្ទុះ​ឡើង​(​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​) បាន​រាល​ដាល​ដល់ ៦៣​ខេត្ត​ និង​ក្រុង​ទាំង​អស់​របស់​ប្រទេស​វៀត​ណាម​»​។

វៀត​ណាម​បាន​រក​ឃើញ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​ដំបូង ​កាល​ពី​ខែ ​កុម្ភៈ​ឆ្នាំ​ ២០១៩​នេះ​។ នៅ​វៀត​ណាម ​ដែល​មាន​ប្រជា​ជន​សរុប ​៩៦​លាន​នាក់ គឺ​ភាគ​ច្រើន​ចូល​ចិត្ត​បរិ​ភោគ​សាច់​ជ្រូក ​ឬ​ស្មើ​៣​ភាគ​៤​នៃ​សាច់​ទាំង​អស់​។ គិត​ចាប់​តាំង​ពី​ខែ​ធ្នូ​ដល់​ចុង​ខែ​កក្កដា ការ​ប្រើ​ប្រាស់​សាច់​ជ្រូក​នៅ​វៀត​ណាម​បាន​ធ្លាក់​ជាង ​១៨%​ឬ​ស្មើ​នឹង​ជាង​២២​លាន​ក្បាល ខណៈ​ឧស្សាហ​កម្ម​សាច់​ជ្រូក​របស់​វៀត​ណាម​ក្នុង​មួយ​ឆ្នាំ​ មាន​តម្លៃ​៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ Reuter

Advertisements