បើតាមការផ្សាយព័ត៌មានផ្លូវការរបស់ អង្គការជីវិតសត្វស្លាបអន្តរជាតិ Birdlife នៅរសៀល​​ថ្ងៃព្រហស្បតិ៍ ៧កើត​ ខែ​ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០១៩ ថា ចាបព្រៃវែង (Yellow-breasted Bunting Enberiza aueola)គឺជាប្រភេទជិតផុតពូជបំផុតលើលោក ដែលកំណត់ក្នុង​បញ្ជីក្រហម ក្នុងឆ្នាំ​២០១៧ ។ គេអាចកំណត់សត្វចាបញី ឈ្មោលបាន​ដោយ​សារសត្វចាបឈ្មោល​មានបំពង់ក និងផ្នែកពោះពណ៌លឿងទុំ និងមានវ័ណ្ឌទ្រូងពណ៌ត្នោតមានឆ្នូតស្លាបស ដោយ​ឡែក​សត្វចាបញីគ្មានវ័ណ្ឌទ្រូងត្នោត ផ្នែកពោះពណ៌លឿងខ្ចី និងផ្នែក​ខ្នង​ពណ៌ត្នោតខ្ចី។

Advertisements

បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និង ទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែ បំលាស់​ទីមកកាន់តំបន់​អាស៊ី ប្រទេសឥណ្ឌា និង ប្រទេសចិន ភាគខាង​ត្បូងនៅ​រដូវត្រជាក់ និង ហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ ។ នៅកម្ពុជាសត្វចាបព្រៃ​វែង ត្រូវ​បាន​ប្រទេះឃើញជាក្រុមក្នុងរដូវវស្សានៅតាមទីជម្រកដែល​ជា​ដី​ចម្ការ វាលស្រែ និងវាលស្មៅ។ ពួកវាក៏អាចតាំងលំនៅ​បណ្តោះ​អាសន្នក្នុងវាលស្រែទាំងនោះផងដែរ។ ពួកវាមានវត្តមាន​នៅកន្លែងមួយចំនួនដូចជា ផ្នែកខាងត្បូង​ខេត្តក្រចេះ ខេត្តពោធិ៍សាត់ និង ខេត្តកំពង់ធំ ។ តាមរបាយណ៍​របស់​ពួកវាមានការថយចុះ យ៉ាងគំហុកដោយ​សារ​តែការដាក់អន្ទាក់ មង សារធាតុពុល និង មធ្យោបាយផ្សេងទៀត សម្រាប់​ធ្វើជា​អាហារ និង លក់នៅលើទីផ្សារជាដើម។

អង្គការជីវិតសត្វស្លាបអន្តរជាតិ Birdlife បានជូនដំណឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅសណ្ឋាគារភ្នំពេញអ៊ីរ៉ា ក្រុមអ្នកអភិរក្សមកពី ហុងកុង ជប៉ុន និង កម្ពុជា​នឹងជួបជុំដើម្បីរៀបចំសិក្ខាសាលាស្តីពីការអភិរក្សសត្វចាបព្រៃវែងនៅកម្ពុជាដែលសត្វនេះជិតផុតពូជលើពិភពលោក ៕

Advertisements