ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងនឹងចាត់​វិធានការ​ចំពោះមន្រ្តីពុករលួយក្នុងប្រព័ន្ធតុលាការ និងប្រកាសអោយគេដឹងជាសាធារណៈ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាពុករលួយរវាងមេធាវី និងមន្រ្តីតុ​​លាការ ដើម្បីពង្រឹងអភិបាលកិច្ចល្អ នៅក្នុងប្រព័ន្ធតុលាការ នៅក្នុងក្រសួងយុត្តិធម៌ កាលពីដើមសប្តាហ៍នេះ។

Advertisements

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ឯកឧត្តម អង្គ វង្សវឌ្ឍានា កាល​ពីដើមសប្តាហ៍កន្លងទៅនេះ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​ ​ដើម្បី​ពិភាក្សា​ស្ដីអំ​ពី​បញ្ហា​អំពើពុក​រលួយ​រវាង​មេធាវី និង​មន្ត្រី​តុលា​ការ និង​ដើម្បី​ធ្វើ​ការ​ពង្រឹង​អភិបាល​កិច្ច​ឲ្យ​បាន​ល្អ នៅ​ក្នុង​ប្រព័ន្ធ​តុលា​ការ​។

កិច្ច​ប្រជុំ​នេះ គឺ​ធ្វើ​ឡើង​ដោយពិនិត្យ​មើល​អំពី​បញ្ហា​ប្រឈម​ដែល​កើត​ឡើង និង​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​ទាំង​នោះ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​អំពាវ​នាវ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាល​ពីចុងខែ សីហា កន្លង​ទៅ​​។ ក្រោយ​កិច្ចប្រជុំពិភាក្សា លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹងចាត់វិធានការចំពោះមន្រ្តីពុករលួយក្នុងប្រព័ន្ធតុលាការ និងប្រកាស​អោយគេ​ដឹងជាសាធារណៈ។

ពាក់ព័ន្ធនឹងវិធានការនេះ ប្រជាពលរដ្ឋ សម្តែងការគាំទ្រ និងបានលើកឡើងថា ក្រោយ​ពីរាជរដ្ឋាភិបាល ពិសេសក្រសួងយុត្តិធម៌មានចំណាត់ការលើបញ្ហាពុករលួយនេះ ពល​រដ្ឋនឹងទទួលបានយុត្តិធម៌នៅក្នុងសង្គមពិតប្រាកដ។ នេះជាការលើកឡើងរបស់លោក ឈៀត ប៊ុនឆាត បុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនមួយ នៅរាជធានីភ្នំពេញ។

លោក យឹម នីក អ្នករត់ម៉ូតូកង់បី បានលើកឡើងដែរថា កន្លងមកពលរដ្ឋភាគច្រើន​មាន​ទំនាស់​ជាមួយអ្នកមានលុយ ច្រើនតែរងភាពអយុត្តិធម៌ ដោយសារអំពើពុករលួយ។ ដោយលោកថ្លែងគាំទ្រចំពោះវិធានការរបស់ក្រសួងយុត្តិធម៌នៅពេលនេះ។             ប្រព័ន្ធ​យុត្តិធម៌នៅកម្ពុជា ត្រូវបានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ដោយចោទថា មិនបានផ្តល់យុត្តិធម៌ត្រឹមត្រូវដល់អ្នករងគ្រោះពិតប្រាកដ។ ភាព​អយុ​​ត្តិធម៌ ក្នុងប្រព័ន្ធតុលាការ បានធ្វើឱ្យប៉ះពាល់ដល់ទំនុក​ចិត្តរបស់ប្រជាពលរដ្ឋមួយ​ចំនួនចំពោះរាជរដ្ឋាភិបាល៕

Advertisements