ប្រ​ជា​ជន​ប្រទេស​កុង​ហ្គោ​ដែល​ចំនួន​សរុប​៨០​លាន​នាក់​គឺ​កើន​ឡើង​ជាង​៤​លាន​នាក់​ហើយ បាន​បង្ខំ​ចិត្ត​ចាក​ចោល​ផ្ទះ​របស់​ពួក​គេ ដោយ​សារ​ភ័យ​ខ្លាច​ការ​ឆ្លង​ជំងឺ​អេបូឡា ខណៈ​កុង​ហ្គោ​កំពុង​ក្លាយ​ជា​ប្រទេស​ជួប​វិបត្តិ​អាហារ​ដ៏​ធំ​លំ​ដាប់​ទី​២​របស់​ពិភព​លោក ដែល​មាន​ប្រ​ជា​ជន​១៣​លាន​នាក់ កំពុង​បរិ​ភោគ​អាហារ​ដែល​គ្មាន​សុវត្ថិ​ភាព​។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩​សីហា​នេះ ដោយ​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​(​WHO​)​។

Advertisements

ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌​មាន​នេះ ស្រប​ពេល​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​បាន​អំពាវ​នាវ​ឱ្យ​ដៃ​គូ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ចូល​រួម​ឱ្យ​បាន​សកម្ម​បន្ថែម​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​អេបូឡា ខណៈ​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​នេះ​កំពុង​បន្ត​រីក​រាល​ដាល​នៅ​ក្នុង​ប្រទេស​កុង​ហ្គោ​នៅ​ឡើយ ហើយ​ដែល​អង្គ​ការ​នេះ​ចាត់​ទុក​ថា ជំងឺ​ឆ្លង​នេះ​គឺ​វិបត្តិ​ដ៏​ស្មុគ​ស្មាញ​មួយ​របស់​មនុស្ស​ជាតិ​។

វេជ្ជ​បណ្ឌិត​Tedros Adhanom Ghebreyesus​ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភព​លោក​(​WHO​)​បាន​និយាយ​ថា​« ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​យើង​ទៅ​កាន់​ប្រ​ជា​ជន​ក្នុង​ប្រទេស​កុង​ហ្គោ គឺ​ថា​ពួក​យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បញ្ឈប់​ការ​ផ្ទុះ​ឡើង​ជំងឺ​អេបូឡា​។ ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​យើង ក៏​មាន​ន័យ​ថា ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខ​ភាព​សម្រាប់​ប្រជា​ជន​កុង​ហ្គោ​ទាំង​អស់​គ្នា​ដែល​កំពុង​ចង់​បាន​។ ការ​បង្កើត​ប្រព័ន្ធ​សុខ​ភាព​ខ្លាំង គឺ​នឹង​ការ​ពារ​មនុស្ស សហ​គមន៍ និង​ពិភព​លោក​ទាំង​មូល​»​។

ប្រទេស​កុង​ហ្គោ​បាន​ប្រកាស​អំពី​ការ​ផ្ទុះ​ឡើង​ជំងឺ​អេបូឡា​កាល​ពី​ថ្ងៃ​ទី​០១​ខែ​សីហា​ឆ្នាំ​២០១៨ ហើយ​មក​ដល់​ពេល​នេះ ការ​ឆ្លង​បាន​កើន​ឡើង​ចំនួន​២៩៩៧​ករណី​ហើយ ដោយ​ក្នុង​នោះ មាន​មនុស្ស​ស្លាប់​ចំនួន​១៩៩៨​នាក់ និង​អ្នក​ជា​សះ​ស្បើយ​ចំនួន​៨៩៣​នាក់ ហើយ​កាល​ពី​រយៈ​ពេល​១០​សប្ដាហ៍​ចុង​ក្រោយ​នេះ គឺ​ក្នុង​មួយ​សប្ដាហ៍​គិត​ជា​មធ្យម​មាន​មនុស្ស​៨០​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់​ដោយ​ជំងឺ​ឆ្លង​នេះ​៕

ប្រភព៖ WHO

Advertisements