ទី​ក្រុង​អាំ​ស្ទែរ​ដាម​បាន​ដាក់​ផែន​ការ​ហាម​ឃាត់​យាន​យន្ត​ប្រើ​សាំង​និង​ម៉ា​ស៊ូត​ទាំង​អស់​ចូល​ក្នុង​ទី​ក្រុង​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុន​។ ប៉ុន្តែ​ដើម្បី​បំពេញ​តាម​គោល​ដៅ​នេះ ប្រទេស​អូឡង់​ដ៍​ត្រូវ​ចំណាយ​ពេល​មួយ​ទស​វត្សរ៍ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​ទុក​សម្រាប់​ផ្គត់​ផ្គង់​ថាម​ពល​សម្រាប់​ទី​ក្រុង​ដែល​ប្រើ​ប្រាស់​តែ​ឡាន​អគ្គិ​សនី​។

Advertisements

បើ​តាម​ផែន​ការ គឺ​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ យាន​យន្ត​ប្រើ​ម៉ាស៊ូត​នឹង​ត្រូវ​ចាប់​ផ្ដើម​ហាម​ឃាត់​ចូល​ក្នុង​ក្រុង​អាំស្ទែរ​ដាម (Amsterdam) ហើយ​ចាប់​ពី​ឆ្នាំ ២០២២ រថយន្ត​ក្រុង​និង​រថ​ភ្លើង​នឹង​បន្ត​អនុញ្ញាត​ចូល​ក្នុង​ទី​ក្រុង​ដ​ដែល ប៉ុន្តែ​រថ​យន្ត​ក្រុង​និង​រថ​ភ្លើង​ទាំង​នោះ​ត្រូវ​ប្រើ​ម៉ា​ស៊ីន​ដើរ​ដោយ​អគ្គិ​សនី​និង​អ៊ី​ដ្រូ​ហ្សែន​។ ចំណែក​ចាប់​ពី​ឆ្នាំ​២០​៣០ រាល់​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​ទី​ក្រុង​អាំស្ទែរ​ដាម​ទាំង​អស់ ត្រូវ​តែ​ឈប់​មាន​ការ​បំភាយ​ឧស្ម័ន​ត​ទៅ​ទៀត​។

លោក​ស្រី Sharon Dijksma អភិ​បាល​រង​ក្រុង​អាំ​ស្ទែរ​ដាម​បាន​ពន្យល់​អំពី​ការ​ដាក់​ផែន​ការ​នេះ​ថា​« យើង​កំពុង​ស្វែង​រក​ខ្យល់​អាកាស​បរិ​សុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ក្រុង​អាំ​ស្ទែរ​ដាម​ដោយ​ធ្វើ​ឱ្យ​ចរា​ចរណ៍​គ្មាន​ការ​បំភាយ​និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ចេញ​ពី​ប្រភព​ផ្សេង​ៗ​ទៀត​»​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ទី​ក្រុង​ល្បី​ៗ​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប ដូច​ជា ប៉ារីស ម៉ាឌ្រីដ អាតែន និង​ទី​ក្រុង​ម៉ិចស៊ីកូ ក៏​បាន​ចាប់​ផ្ដើម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​យាន​យន្ត​ដែល​បំពុល​បរិ​យា​កាស​ដែរ​។ ទី​ក្រុង​ទាំង​នេះ​បាន​សន្យា​តាំង​ពី​ឆ្នាំ​២០​១៦​ថា នឹង​លុប​បំបាត់​ឈប់​ឱ្យ​មាន​យាន​យន្ត​ប្រើ​ម៉ាស៊ូត​ទាំង​អស់​ត្រឹម​ឆ្នាំ​២០២៥​។

រី​ឯ​ទី​ក្រុង​ឡុង​ដ៍​ក្នុង​ឆ្នាំ​នេះ​ក៏​បាន​ចាប់​ផ្តើម​ដាក់​ចេញ​វិធាន​ការ​យ៉ាង​ខ្លាំង​លើ​យាន​យន្ត​ដែល​មិន​បំពេញ​តាម​ស្តង់​ដារ​នៃ​ការ​បំភាយ​ឧស្ម័ន​ដ៏​តឹង​រឹង ខណៈ​ទី​ក្រុង​ជាច្រើន​ទៀត​នៅ​ប្រទេស​អាល្លឺ​ម៉ង់ បាន​ដាក់​កំហិត​យ៉ាង​តឹង​រឹង​លើ​យាន​យន្ត​ប្រើ​ម៉ាស៊ូត​រួច​ហើយ​។

បច្ចុប្បន្ន​ទី​ក្រុង​អាំស្ទែរ​ដាម​មាន​តំបន់​បំ​ភាយ​ឧស្ម័ន​ទាប​ចំនួន​៥​កន្លែង ហើយ​តំបន់​ទាំង​នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​យាន​យន្ត​ដែល​បង្ក​ការ​បំពុល​ខ្លាំង​ចូល​ឡើយ​។ អាជ្ញា​ធរ​ហូឡង់​ដ៍​ថា តំបន់​ទាំង​នេះ​នឹង​ត្រូវ​បាន​ពង្រីក​ហើយ​បទ​ប្បញ្ញត្តិ ក៏​នឹង​ត្រូវ​រឹត​បន្តឹង​ដែរ​៕

ប្រភព៖ CNN

Advertisements