រដ្ឋា​ភិ​បាល​ប្រេ​ស៊ីល​បាន​និ​យាយ​ថា​ខ្លួន​នឹង​បដិ​សេធ​ការ​ផ្តល់​ជំនួយ​ពី​បណ្តា​ប្រទេស​ G7 ដើម្បី​ជួយ​ដោះ​ស្រាយ​ភ្លើង​ឆេះ​ព្រៃ​អាម៉ា​ហ្សូន ដែល​ការ​អះ​អាង​នេះ បន្ទាប់​ពី​ប្រ​ធា​នា​ធិ​ប​តី​បារាំង​លោក​ Emmanuel Macron ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រ​ជុំ​កំពូល​ G7 ​បាន​និ​យាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ទឹក​ប្រាក់ ២២ លាន​ដុល្លារ​នឹង​ត្រូវ​ផ្ដល់​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​អាម៉ា​ហ្សូន​។

Advertisements

ប៉ុន្តែ​ក្រុម​រដ្ឋ​មន្រ្តី​របស់​ប្រទេស​ប្រេ​ស៊ីល​បាន​និយាយ​ថា ប្រេ​ស៊ីន​នឹង​មិន​ត្រូវ​ការ​ប្រាក់​ឡើយ និង​ថែម​ទាំង​ចោទ​ប្រ​កាន់​ក្រុម​ប្រទេស​មហា​អំណាច​ទាំង​នោះ​ថា មាន​ចេតនា​ចង់​គ្រប់​គ្រង​ព្រៃ​អាម៉ា​ហ្សូន​ប៉ុណ្ណោះ​។

លោក Onyx Lorenzoni មន្រ្តី​ខុទ្ទ​កាល័យ​របស់​ប្រ​ធានា​ធិ​ប​តី​ប្រេ​ស៊ីល​លោក Jair Bolsonaro បាន​និយាយ​ប្រាប់​សារ​ព័ត៌​មាន​ដោយ​ប្រើ​ពាក្យ​ចំអក​ដល់​ប្រ​ធានា​ធិ​ប​តី​របស់​ប្រទេស​បារាំង​ថា​«​យើង​សូម​អរ​គុណ​!ប៉ុន្តែ​ប្រ​ហែល​ជា​ធន​ធាន​ទាំង​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​នៅ​អឺរ៉ុប​។ លោកMacron មិន​អាច​សូម្បី​តែ​ចៀស​វាង​ភ្លើង​ឆេះ​ដែល​អាច​ព្យា​ករណ៍​បាន​នៅ​ព្រះ​វិហារ​សាសនា​គ្រឹស្ដ​មួយ​កន្លែង​ដែល​ជា​ផ្នែក​មួយ​នៃ​បេតិ​ក​ភណ្ឌ​ពិភព ហើយ​លោក​បែរ​ជា​ចង់​ផ្តល់​មេ​រៀន​សម្រាប់​ប្រទេស​របស់​យើង​ទៅ​វិញ​»​។

ការ​ថ្លែង​លោក Lorenzoni បែប​នេះ គឺ​សំ​ដៅ​ទៅ​លើ​អគ្គិ​ភ័យ​ដែល​បាន​វាយ​ប្រហារ​ព្រះ​វិហារ Notre-Dame នៅ​ទី​ក្រុង​ប៉ារីស​កាល​ពី​ខែ​មេសា​កន្លង​ទៅ​។

ចំណែក​រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​បរទេស​ប្រេ​ស៊ីល​លោក Ernesto Araujoក៏​បាន​និយាយ​ថា មាន​យន្ត​ការ​រួច​ស្រាច់​ហើយ​ក្រោម​ការ​ឧបត្ថម្ភ​របស់​អនុ​សញ្ញា​អាកាស​ធាតុ​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ព្រៃ​ឈើ​។ លោក​បាន​បន្ថែម​ដោយ​ចោទ​ប្រកាន់​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​ពី​ប្រទេស​ខាង​ក្រៅ គឺ​ជា​លេស​ដើម្បី​គ្រប់​គ្រង​ព្រៃ​អាម៉ា​ហ្សូន​ប៉ុណ្ណោះ​។

យ៉ាង​ណា​ក៏​ដោយ លោក Macron បាន​និយាយ​ថា ថវិកា​ជំនួយ​ទាំង​នោះ នឹង​ត្រូវ​ចំណាយ​ជា​ចម្បង​សម្រាប់​យន្ត​ហោះ​ពន្លត់​អគ្គី​ភ័យ ហើយ​បារាំង​ក៏​នឹង​ផ្តល់​ការ​គាំទ្រ​យ៉ាង​រឹង​មាំ​ជា​មួយ​យោធា​នៅ​ក្នុង​តំបន់​ដែរ ខណៈ​ប្រ​ទេស​ប្រេ​ស៊ីល​បាន​បញ្ជាក់​ថា ទាហាន​ចំនួន ៤៤,០០០ នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ហើយ ដើម្បី​ប្រយុទ្​ខធ​ប្រឆាំង​នឹង​អគ្គិ​ភ័យ​និង​ឧក្រិដ្ឋ​កម្ម​បរិ​ស្ថាន​នៅ​ក្នុង​ព្រៃ​អាម៉ា​ហ្សូន ហើយ​ប្រតិ​បត្តិ​ការ​យោធា​នេះ​កំពុង​ដំណើរ​ការ​នៅ​ក្នុង​រដ្ឋ​ចំនួន​ ៧ តប​តាម​ការ​ស្នើ​សុំ​ជំនួយ​ពី​អាជ្ញា​ធរ​ក្នុង​តំបន់​ទាំង​នោះ​។

ទោះ​ជា​យ៉ាង​ណា​ប្រធានា​ធិ​ប​តី​ប្រេ​ស៊ីល​លោក Bolsonaro ដែល​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ដាក់​គ្នា​ជា​មួយ​លោក​ប្រ​ធា​នា​ធិ​ប​តី​បារាំង Macron ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗ​នេះ បាន​ចោទ​ប្រកាន់​លោក Macron ថា បាន​ធ្វើ​ការ​វាយ​ប្រ​វាយ​មិន​សម​ហេតុ​ផល​និង​លំអៀង​ចំពោះ​បញ្ហា​ឆេះ​ព្រៃ​អាម៉ា​ហ្សូន ហើយ​ថា លោក Macron បាន​លាក់​លៀម​ចេតនា​ពិត​នៅ​ពី​ក្រោយ​គំនិត​របស់​សម្ព័ន្ធ​មិត្ត​ប្រទេស​ G7​៕

ប្រភព៖BBC

Advertisements