អង្គ​ការ​បរិស្ថាន​ឈ្មោះ​សម្ព័ន្ធ​ភាព​ផែន​ដី​របស់​លោក Leonardo DiCaprio ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង​Titanic ប្រកាស​ឧបត្ថម្ភ​ប្រាក់​ចំនួន​ ៥ លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ជួយ​ដល់​សកម្ម​ភាព​ការ​ពារ​ព្រៃ​ទឹក​ភ្លៀង​អាម៉ា​ហ្សូន​ក្នុង​ប្រទេស​ប្រេ​ស៊ីល បន្ទាប់​ពី​ព្រៃ​ដ៏​សំខាន់​របស់​ផែន​ដី​នេះ កំពុង​រង​ការ​បំផ្លាញ​ដោយ​អគ្គិ​ភ័យ​។

Advertisements

អង្គ​ការ​សម្ព័ន្ធ​ភាព​ផែន​ដី​បញ្ជាក់​ថា ទឹក​ប្រាក់​ទាំង​នោះ នឹង​ផ្ដល់​​ទៅ​ក្រុម​ពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​ព្រៃ​អាម៉ា​ហ្សូន​និង​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ងារ​ការ​ពារ​ព្រៃ​អាម៉ា​ហ្សូន​។

វិទ្យា​ស្ថាន​ជាតិ​ស្រាវ​ជ្រាវ​អវ​កាស​របស់​ប្រទេស​ប្រេ​ស៊ីល​និយាយ​ថា មាន​អគ្គិ​ភ័យ​ជាង ៧២,០០០ ដង​បាន​ឡើង​ឆាប​ឆេះ​ព្រៃ​អាម៉ា​ហ្សូន​នៅ​ឆ្នាំ​នេះ ហើយ​ចំនួន​នេះ​កើន​ឡើង​ ៤ ​ម៉ឺន​ដង នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​អង្គ​ការ​សម្ព័ន្ធ​ភាព​ផែន​ដី​បាន​ចេញ​ផ្សាយ​ថា​«​ការ​បំផ្លាញ​ព្រៃ​ទឹក​ភ្លៀង​អាម៉ា​ហ្សូន គឺ​កំពុង​ធ្វើ​ឱ្យ​ការ​បញ្ចេញ​កាបូន​ឌី​អុក​ស៊ីត​យ៉ាង​លឿង​ទៅ​ក្នុង​បរិ​យា​កាស ដែល​បំផ្លាញ​ដល់​ប្រព័ន្ធ​អេ​កូ​ឡូ​ស៊ី​ដែល​ជួយ​ស្រូប​យក​ជាតិ​កាបូន​រាប់​លាន​តោន​ជា​រៀង​រាល់​ឆ្នាំ ហើយ​វា​គឺ​ជា​ផ្នែក​មួយ​របស់​ប្រព័ន្ធ​ការ​ពារ​ផែន​ដី​ប្រ​ឆាំង​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​»​។

កាល​ពី​ថ្ងៃ​សៅរ៌​សប្ដាហ៍​មុន​នេះ លោក Leonardo ក៏​បាន​សរ​សេរ​នៅ​ក្នុងInstagram ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ព្រៃ​អាម៉ា​ហ្សូន​ ដែល​វា​បង្ហាញ​ពី​តុល្យ​ភាព​ផ្លាស់​ប្ដូរ​អាកាស​ធាតុ ជីវ​ចម្រុះ និង​សុខុ​មាល​ភាព​របស់​ជន​ជាតិ​ដើម​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល G7 ដែល​កំពុង​ធ្វើ​ឡើង​ក្នុង​ប្រទេស​បារាំង ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ក្រុម​មេ​ដឹក​នាំ​ពិភព​លោក​នៃ​កិច្ច​ប្រ​ជុំ​នេះ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​មួយ ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិ​កើត​ឡើង​ក្នុង​ព្រៃ​អាម៉ា​ហ្សូន ខណៈ​នាយក​រដ្ឋ​មន្រ្តី​អង់​គ្លេស លោក Boris Jonhson បាន​និយាយ​ថា អង់​គ្លេស​នឹង​ឧបត្ថម្ភ​ប្រាក់​ចំនួន​១០​លាន​ផោន ដើម្បី​ជួយ​ដល់​សកម្ម​ភាព​ការ​ពារ​ព្រៃ​អាម៉ា​ហ្សូន​៕

ប្រភព៖ BBC

Advertisements