លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានរម្លឹកសង្ខេបពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការផ្តល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប សម្រាប់អភិវឌ្ឍវិស័យកសិកម្មចាប់ពីឆ្នាំ ១៩៩៣ មក។

Advertisements

ការលើកឡើងរបស់លោក វេង សាខុន បានធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ជាទីដែលរៀបចំពិធីបិទបញ្ចប់កម្មវិធីស្តីពី “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ” និងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យជលផល ដែលកម្មវិធីទាំងពីរបានទទួលជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប(EU)។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ។

បើតាមលោកដ្ឋមន្រ្តី ជំនួយទាំងនោះ មានដូចខាងក្រោម៖

១-គម្រោងទី១÷ “ការស្តារឡើងវិញវិស័យកសិកម្មនៅកម្ពុជា-ប្រាសាក់ PRASAC ថវិកា ៨០ លានអឺរ៉ូ សម្រាប់ ៨ឆ្នាំ(១៩៩៥-២០០៣) ហើយកម្មវិធីឥណទានរបស់គម្រោងនេះបានបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុមួយកំពុងដំណើរការមកទល់បច្ចុប្បន្ន។
២-គម្រោងទី២÷ “ការចិញ្ចឹមសត្វខ្នាតតូច Cambodia Smallholder Livestock Production Project, SLPP” ថវិកា ៥លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៥- ២០១០)។
៣-គម្រោងទី៣÷ “ការស្តារឡើងវិញលើវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចនៅបណ្តាខេត្តនៃតំបន់ពាយ័ព្យហៅកាត់ថាអេកូសន” (Economic and Social Relaunch of Northwest Provinces, ECOSORN) ២០លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៦-២០១០)។
៤-គម្រោងទី៤÷ “សន្តិសុខស្បៀង EU Food Facility Project” ថវិកា ១១លានអឺរ៉ូ សម្រាប់ ១ឆ្នាំ(២០១០-២០១១) នៅខេត្តគោលដៅចំនួន១០។
៥-គម្រោងទី៥÷ “ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន នៃអនុវិស័យជលផល និងផលិតកម្មសត្វ” ដែលយើងកំពុងរៀបចំបិទបញ្ចប់នាពេលនេះ EU បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២០លានអឺរ៉ូ និងរាជរដ្ឋាភិបាលចំនួន៦លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ (២០១៤-២០១៨)។

ក្រៅពីនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា សហភាពអឺរ៉ុប ក៏បានជួយឧបត្ថម្ភដល់ការអភិវឌ្ឍវិស័យអាទិភាពផ្សេងៗទៀតជាច្រើនស្របទៅតាមកម្មវិធីកំណែទម្រង់ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ជាអាទិ៍ការប្រែប្រួលអាកាសធាតុ កម្មវិធី REDD ជំរឿនកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស។ល។ ទាំងអស់នេះក្នុងទិសដៅតែមួយគឺចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

ដោយឡែក កម្មវិធីថ្មី ២ទៀត គឺទី១ “ការជំរុញកំណើនវិស័យវារីវប្បកម្មប្រកបដោយចីរភាព និង បរិយាប័ន្ននៃវារីវប្បកម្ម (CAPFISH-Aquaculture)” ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋា ភិបាលជាមួយ EU និង AFD នៅថ្ងៃទី២៧/១១/២០១៧ សម្រាប់ ៦ឆ្នាំ(២០១៨-២០២៣) ថវិកា ៣៥លានអឺរ៉ូ(EU ៣០ និង AFD ៥) និងទី២ គឺ “ការជំរុញកំណើនវិស័យជលផលប្រកប ដោយចីរភាព និងបរិយាប័ន្ន៖ សមាសភាគការនេសាទ (CAPFISH-Capture) ជាកម្មវិធីផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ EU ថវិកា ៨៧ លានអឺរ៉ូ និងបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយ EU នៅថ្ងៃទី០១/៧/២០១៩ សម្រាប់៥ឆ្នាំ(២០១៩-២០២៣)។

សរុបថវិកាហិរញ្ញប្បទានដែលជាជំនួយឥតសំណងរបស់ EU សរុប ១២២លានអឺរ៉ូ សម្រាប់ ៦ឆ្នាំ(២០១៨ -២០២៣) ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃធនធានជលផលទឹកសាប និងសមុទ្រ លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

Advertisements