កាលពី​ថ្ងៃទី១៨ ខែសីហា​ម្សិលមិញ អ្នកវិទ្យាសាស្ដ្រ​មកពី​សហរដ្ឋអាមេរិក​និង​ប្រទេស​អ៊ី​ស្លង់​បាន​ជួបជុំគ្នា​ដើម្បី​ធ្វើ​ពិធី​រំលឹក​ការបាត់បង់​ភ្នំ​ទឹកកក​ឈ្មោះ Okjokull ឬ​ហៅ​កាត់​ថា OK ដែលជា​ភ្នំ​ទឹកកក​ដំបូង​របស់​ប្រទេស​អ៊ី​ស្លង់​បាន​រំលាយ​បាត់​រូប​រាង​តាំងពី​ឆ្នាំ២០១។

Advertisements

លោក Dominic Boyer សាស្ដ្រ​ចា​រ្យ​ខាង​នរវិទ្យា​នៃ​សាកលវិទ្យាល័យ Rice University នៅ​រដ្ឋ​តិច​សាសន៍​សហ​រដ្ឋ​អាមេ​រិក​បាន​ប្រាប់​សារព័ត៌មាន CNN ថា ចាប់តាំងពី​ពេលថ្មីៗនេះ ប្រទេស​អ៊ី​ស្លង់​បាន​បាត់បង់​ផ្ទាំង​ទឹកកក១១ពាន់​លាន​តោន​ជា​រៀងរាល់ឆ្នាំ ដូច្នោះ ភ្នំ​ទឹកកក​ទាំងអស់​របស់​ប្រទេស​នេះ​ដែលមាន​ចំនួន៤០០ កំពុង​ប្រឈម​នឹង​ជោគវាសនា​ដូចគ្នា​នឹង​ភ្នំ​ទឹកកក Okjokull ដែល​ទើប​រំលាយ​នេះ។

លោក​បាន​ថ្លែងថា«ភ្នំ​ទឹកកក​ដ៏​ធំ​សម្បើម​ទាំងអស់​របស់​ប្រទេស​អ៊ី​ស្លង់​នឹងត្រូវ​បាត់បង់​នៅក្នុង​រយៈពេល២០០ឆ្នាំ​ទៀត ដែល​វា​ធ្វើឱ្យមាន​ផលប៉ះពាល់​ដ៏​ធំ​សម្បើម​ដល់​បេតិកភណ្ឌ​វប្បធម៌ ទេសចរណ៍ ថាមពល​អគ្គិសនី និង​នេសាទ ហើយ​ការព្រមាន​ចុងក្រោយ គឺ​ការកើនឡើង​សីតុណ្ហភាព ដែល​កំពុង​គម្រាម​គំហែង​យ៉ាងខ្លាំង ដល់​ភ្នំ​ទឹកកក​ដទៃទៀត និង​មនុស្ស​រាប់លាន​នាក់​នៅក្នុង​ពិភពលោក ដែល​កំពុង​រស់នៅ​ជិត​ភ្នំ​ទឹកកក​ទាំងអស់នោះ»។

របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ខែមេសា​នេះ​បាន​ព្រមាន​ដែរ​ថា ភ្នំ​ទឹកកក​ភាគច្រើន​ដែល​នៅ​តំបន់​អឺរ៉ុប​កណ្ដាល ភាគ​ខាងលិច​នៃ​ប្រទេស​កាណាដា និង​នៅ​សហរដ្ឋអាមេរិក នឹង​អាច​រលាយ​អស់​ត្រឹម​ពាក់កណ្ដាល​សតវត្សរ៍​ទី២១នេះ ដោយ​សារ​ភ្នំ​ទឹកកក​ទាំងនោះ​កំពុង​ប្រឈម​ទៅនឹង​អត្រា​បាត់បង់​ទឹកកក​យ៉ាង​លឿន។

ក្រុម​អ្នក​ភូគព្ភសាស្ត្រ​និយាយថា ប្រសិនបើ​ផ្ទាំង​ទឹកកក​បន្ត​រលាយ​ក្នុង​អត្រា​លឿន​ដូច​បច្ចុប្បន្ន វា​នឹង​បង្ក​គ្រោះថ្នាក់​ជាច្រើន​ដល់​ភពផែនដី ដែល​គ្រោះថ្នាក់​ទាំងនោះ​រួមមាន៖

នៅត្រឹម​ឆ្នាំ ២១០០ មនុស្ស​រហូតដល់ ២ ពាន់​លាន​នាក់​ឬ​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​ចំនួន​ប្រជាជន​ពិភពលោក អាច​ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ផ្ទះសម្បែង​ទៅ​នៅលើ​ដីគោក​ដោយសា​រតែក​ម្រិ​ត​ទឹកសមុទ្រ​កើនឡើង។

ជាពិសេស​ប្រទេស​បង់​ក្លា​ដែ​ស ត្រូវបាន​គេ​កំណត់ថា នឹង​ជួប​ហានិភ័យ​នេះ ដោយសារ​នឹងមាន​ប្រជាជន​ប្រហែល ១៥ លាន​នាក់ អាច​ក្លាយជា​ជនភៀសខ្លួន ប្រសិនបើ​កម្ពស់​ទឹកសមុទ្រ​កើនឡើង​ដល់ ១ ម៉ែត្រ​ឬ​ប្រហែល ៣ ហ្វី​ត នឹង​ធ្វើឱ្យ​ផ្ទៃ​ដី​ប្រទេស​ជាង១០ភាគរយ​នឹង​ស្ថិតនៅក្រោម​ទឹក។

មនុស្ស​មួយចំនួន​ដែល​ត្រូវបាន​ផ្លាស់​ទីលំនៅ​ប្រហែលជា​មិនមាន​កន្លែង​ទៅ ហើយ​ពួកគេ​មិនត្រូវ​បានការ​ពារ​ដោយ​ច្បាប់​អន្តរជាតិ ដូច្នេះ​ប្រទេស​ឧស្សាហកម្ម​មិនមាន​កាតព្វកិច្ច​ស្របច្បាប់​ក្នុងការ​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ពួកគេ​ទេ។

ប្រសិនបើ​កម្រិត​ទឹកសមុទ្រ​នៅតែ​បន្ត​កើនឡើង​ក្នុង​អត្រា​មួយ​យ៉ាង​លឿន នោះ​បណ្តា​ប្រទេស​កោះដាច់​ស្រយាល​មួយចំនួន ក៏​នឹង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបាត់​ខ្លួន​ដែរ ក្នុងនោះ​រួមមាន ប្រទេស​ទូ​វា​លូ ប្រទេស​ម៉ា​ល់​ឌី​វ និង​ប្រទេស Marshall ។

មនុស្ស​រាប់លាន​នាក់​ដែល​ពឹង​ផ្អែកលើ​ផ្ទាំង​ទឹកកក​សម្រាប់​ទឹក​ផឹក​ជាពិសេស​នៅ​តំបន់​ហិណ្ឌូ​គុ​ហិ ហិ​ម៉ា​ល័យ និង​ជួរ​ភ្នំ​អាន់​ដេ​ស គឺ​ត្រូវ​ប្រឈម​នឹងខ្វះ​ទឹក​ផឹក ពីព្រោះ​នៅក្នុង​រដូវប្រាំង អ្នក​នៅក្បែរ​ភ្នំ​ផ្ទាំង​ទឹកកក តែង​ប្រមូល​ទឹកភ្លៀង និង​ទឹកសាប ហើយ​ទុក​វា​ជា​ទឹកកក​ក្នុង​កំឡុង​ខែត្រជាក់ នៅពេល​រដូវក្តៅ​មកដល់​ទឹកកក​រលាយ​ហើយ​ហូរ​ចូលទៅក្នុង​ទន្លេ​និង​ស្ទឹង​ដែល​ផ្តល់​ទឹក​ផឹក​ជាដើម៕

Advertisements