Close up image of raining and splashing water

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​ការ​សិក្សា​ពិ​សោធន៍​មួយ ត្រូវ​គេ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល​ទឹក​ភ្លៀង​ដែល​ធ្លាក់​នៅ​ខាង​លិច​នៃ​សហ​រដ្ឋ​អាមេរិក គឺ​រដ្ឋ Colorado ហើយ​ក្រោយ​មក​អ្នក​វិទ្យា​សាស្រ្ដ​នៅ​ក្រ​សួង​មហា​ផ្ទៃ​សហ​រដ្ឋ​អា​មេ​រិក​និង​អ្នក​វិទ្យា​សាស្រ្ដ​សិក្សា​ភូមិ​សាស្រ្ដ​សហ​រដ្ឋ​អា​មេ​រិក បាន​ដាក់​ចំណង​ជើង​រួម​គ្នា​នៃ​ការ​សិក្សា​ពិសោធន៍​នោះ​ថា​«​ភ្លៀង​ផ្លា​ស្ទិច​»​។

Advertisements

ក្រុម​អ្នក​សិក្សា​បាន​និ​យាយ​ថា គេ​ពុំ​អាច​មើល​ឃើញ​ផ្លា​ស្ទិច​ដោយ​ភ្នែក​ទទេ​បាន​ទេ ប៉ុន្តែ​គេ​មើល​ឃើញ​វា​ដោយ​ប្រើ​មីក្រូ​ទស្សន៍​កែវ​ថត​ដែល​បំពាក់​ជា​មួយ​កាមេ​រ៉ា​ឌី​ជី​ថល​។

អ្នក​វិទ្យា​សាស្រ្ដ​បាន​រក​ឃើញ​ថា ប្លា​ស្ទិច​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​គំរូ​ទឹក​ភ្លៀង​៩០% ដែល​ភាគ​ច្រើន​ជា​ទម្រង់​ជាតិ​សរ​សៃ​ហើយ​មាន​ពណ៌​ផ្សេង​ៗ​គ្នា ហើយ​ពណ៌​ខៀវ​មាន​ច្រើន​លើស​លុប​បំផុត គឺ​ច្រើន​ជាង​ពណ៌​ក្រហម ពណ៌​ទឹក​ប្រាក់ ពណ៌​ស្វាយ ពណ៌​បៃ​តង ពណ៌​លឿង​និង​ពណ៌​ផ្សេង​ទៀត ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ច្បាស់​ថា តើ​ប្លា​ស្ទិច​ទាំង​នោះ​មក​ពី​ណា​ឡើយ​។

កាល​ពី​រយៈ​ពេល​កន្លង​មក អ្នក​វិទ្យា​សាស្រ្ដ​ក៏​ធ្លាប់​បាន​រក​ឃើញ​បំណែក​តូច​ៗ​នៃ​ផ្លា​ស្ទិច​នៅ​ក្នុង​ទឹក​ភ្លៀង​ដែរ ដោយ​ពួក​គេ​បាន​ឃើញ​វា​នៅ​ក្នុង​ទឹក​ភ្លៀង​ដែល​ធ្លាក់​នៅ​តំបន់ Pyrenees នៅ​ភាគ​ខាង​ត្បូង​ប្រ​ទេស​បារាំង។ ហើយ​លើស​ពី​នេះ គេ​ក៏​ប្រ​ទះ​ដែរ នូវ​បំណែក​សំរាម​ប្លា​ស្ទិច​រាប់​សិប​លាន​អណ្តែត​ឆ្លង​កាត់​មហា​សមុទ្រ​ដោយ​សម្លាប់​ត្រី​និង​សត្វ​ដទៃ​ទៀត​។

ការ​សិក្សា​កន្លង​មក​ក៏​បាន​រក​ឃើញ​ថា​មនុស្ស​កំពុង​លេប​ប្លា​ស្ទិច​ជា​មធ្យម​ ៥ ក្រាម​រៀង​រាល់​សប្តាហ៍​គឺ​ជា​ទំងន់​នៃ​កាត​ឥណ​ទាន​មួយ​។

ទោះ​ជា​យ៉ាង​ណា​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​និ​យាយ​ថា វា​មិន​ច្បាស់​ទេ​ថា​តើ​ផល​ប៉ះ​ពាល់​សុខ​ភាព​របស់​មនុស្ស​ដោយ​សារ​ការ​រស់​នៅ​ជា​មួយ​ប្លា​ស្ទិច​ទាំង​អស់​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា បើ​ទោះ​បី​ជា​ធ្លាប់​មាន​ការ​សិក្សា​ជា​ច្រើន​ក៏​ដោយ​។

ប្រភព៖ CNN

Advertisements