លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១១ ខែកុម្ភៈនេះថា ក្នុងកំឡុងពេលពេលចូលឆ្នាំចិននេះ នៅតាមកសិដ្ឋាន ឬក្រុមហ៊ុនលក់ជ្រូក មានការកើនឡើងនៃការលក់ជ្រូកពី ៣០ ទៅ៤០ ភាគរយ បើប្រៀបធៀប​នឹងថ្ងៃធម្មតា។

លោក ស្រ៊ុន ពៅ ក៏បានបញ្ចាក់ផងដែរថា ជ្រូកដែលលក់ក្នុងរដូវចូលឆ្នាំចិននេះ មាន៧០ភាគរយជាជ្រូកចិញ្ចឹមនៅក្នុងស្រុកយើង ហើយនាំពីក្រៅមកមានតែ ៣០ ភាគរយទេ។ «ព្រោះតម្លៃជ្រូកនៅប្រទេសជិតខាងយើងក៏ថ្លៃដែរ ដូច្នេះមិនអាចនាំចូលមកកម្ពុជាយើងបាននោះទេ។ ប៉ុន្តែនៅខ្មែរយើង បើមានការនាំចូលមកភាគច្រើនមកពីប្រទេសថៃ បើនៅវៀតណាមតិចតូចណាស់»។ នេះជាការបន្ថែមរបស់លោកប្រធានសមាគមខាងលើ។



ចំពោះតម្លៃវិញ លោក ស្រ៊ុន ពៅ បានឲ្យដឹងថា នៅតាមកសិដ្ឋាន ឬក្រុមហ៊ុនពុំបានឡើងថ្ងៃទេ ព្រោះលក់ជ្រូករស់ តែការដែលឡើងថ្លៃ គឺអាជីវករ ឆ្លៀតឪកាសយកចំណេញតែម្តង។ តម្លៃជ្រូករស់មានតម្លៃ ១២០០០ ទៅ១៣០០រៀល ក្នុង១គីឡូ តែនៅទីផ្សារ ឈ្មួញយកទៅលក់បានតម្លៃខ្ពស់ដូចជាក្នុង១គីឡូលក់បានតម្លៃ ២០០០០ ទៅ ២៥០០០ រៀល ព្រោះមនុស្សនាំគ្នាទៅទិញច្រើននៅថ្ងៃសែន ទោះលក់ក្នុងតម្លៃខ្ពស់ក៏នៅតែមានអតិថិជនទៅទិញ៕