ជាថ្មី​ម្តងទៀត ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ប្រតិកម្ម​ខ្លាំងៗ​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល​ជុំវិញ​ការនាំ​ចូល​បន្លែ​មាន​សារ​ធាតុគីមី​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រទូស​ពលរដ្ឋ​ណា​ដែល​បរិភោគ​បន្លែ​ផ្លែឈើ​មាន​សារ​ធាតុគីមី ហើយ​មក​រិះគន់​រដ្ឋាភិបាល​ទៅវិញ​។—

«​ស៊ី​ខ្លួនឯង​សោះ មក​ជេរ​គ្នា​ដែរ​»​។ នេះ​ជាការ​លើកឡើង​ជាថ្មី​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឆ្លើយតប​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល​ជុំវិញ​រឿង​បន្លែ​មាន​សារជាតិ​គីមី បន្ទាប់ពី​លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​។

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ថ្មី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី ៤ ខែមករា នេះ លោក ហ៊ុន សែន ប្រតិកម្ម​ធ្ងន់ៗ​បែបនេះ​ថា​៖«​ខ្លះ​ហ៊ាន​ជេរ​ដល់​រដ្ឋាភិបាល និង​សមត្ថកិច្ច តែ​ខ្លួនឯង​មិន​ជេរ​ទេ​។ ខ្លះ​ជេរ​ថា រដ្ឋាភិបាល​នេះ បណ្តោយ​ឲ្យ​គេ​នាំ​គ្រឿង​ហូបចុក​ដែលមាន​សារជាតិ​គីមី​ចូល​។ ខ្ញុំ​ចង់​និយាយ​ទៅវិញ​ថា ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​គីមី សូមកុំ​ទិញ​របស់​នោះ​ទៅ​។ បើ​កុំ​ទិញ​ទៅ វា​ចប់​ហើយ ។ អ្នក​ដែល​លក់​បន្លែ មាន​ជាតិគីមី​លក់​លែង​ដាច់​ហើយ​។ នាំគ្នា​ធ្វើ​ពិ​ហិ​ការ​កុំ​ទិញ​ទៅ វា​ចប់​រឿង ចាំបាច់​មក​ជេរ​រដ្ឋាភិបាល​ដែរ​»​។

​យ៉ាងណាក៏ដោយ ទន្ទឹមនឹង​ការ​ប្រតិកម្ម​នេះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី ក៏​ជំរុញ​ឲ្យ​កសិករ ដាំ​ដុះ បន្លែ​ធម្មជាតិ ឲ្យ​បាន​ច្រើន​ដែរ​។