ខ្យល់រំហើយ បានចាប់ផ្តើមធ្លាក់មកជាបណ្តើរៗ ហើយប្រជានេសាទ ក៏ចាប់ផ្តើមនេសាទបានត្រីច្រើនជាងមុនដែរ។ 

លោក ស្លេះ សការីយ៉ា ប្រជា​នេសាទ​ នៅតាមបឹងទន្លេសាប បានប្រាប់ Khmernas ថា ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ  ត្រីចម្រុះចាប់ផ្តើមចុះ ហើយលោក និងអ្នកសាទផ្សេងទៀត នេសាទត្រីបានច្រើនផងដែរ។ តែយ៉ាងណា ប្រជានេសាទខ្មែរឥស្លាមរូបនេះ លើកឡើងថា បើប្រៀបធឿរយៈពេលដូចគ្នាទៅនឹងឆ្នាំកន្លងទៅ លោកថា ត្រីឆ្នាំនេះ ហាក់ថមថយជាងមុន។

 ជា​រៀងរាល់​ឆ្នាំ ត្រីចាប់ផ្តើមធ្វើចរាចរណ៍ចន្លោះចាប់ពីខែតុលា រហូួតដល់ខែធ្នូ។ ខែធ្នូ ជាខែដែលប្រជានេសាទរកត្រីបានច្រើនជាងគេ។ ​នៅ​ពេល​ដល់​រដូវ​ត្រីត្រូវនេះ ប្រជាជនខ្មែរតែងធ្វើប្រហុក​ ហើយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាពិសេស​រដ្ឋបាល​ជលផល តែង​បាន​ជូនដំណឹង​ជា​បន្តបន្ទាប់ ទៅ​ដល់​ពលរដ្ឋ អំពី​រដូវ​ត្រី​ត្រូវ ដើម្បី​ត្រៀមខ្លួន​មក​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ​ជាដើម សម្រាប់​ស្តុក​ទុក​បរិភោគ​ប្រចាំ​ឆ្នាំ។

សូមរម្លឹកថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម ការប្រមូលផលត្រីទឹកសាប កាលពីឆ្នាំ២០១៧ កន្លងទៅ ទទួលបានជាង ៥៣០ ពាន់តោន។