ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ព្រមជាមួយភាគីពាក់ព័ន្ធដទៃ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី២ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្រាប់ពីពិព័រណ៌ការងារឆ្នាំ២០១៨នេះ ឱកាសការងារគ្រប់ប្រភេទប្រមាណ ២ម៉ឺនឱកាស ត្រៀមចាំទទួលអ្នកស្វែងរកការងារធ្វើ ដែលផ្ដល់ដោយក្រុមហ៊ុន-សហគ្រាសធំៗជាង១៣០ក្រុមហ៊ុន មកពីវិស័យសំខាន់ដូចជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ កម្មន្ដសាល និងភ្នាក់ងារជ្រើសរើសឯកជនជាដើម ដែលនឹងត្រូវតាំងបង្ហាញនៅក្នុងបញ្ជរសរុប ៣០០ស្ដង់។

ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ ត្រូវបានរំពឹងទុកថា នឹងមានអ្នកចូលរួមទស្សនាជាង ៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។ ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមក៏នឹងទទួលបានព័ត៌មានពីផែនការ តម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។

ដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើតផលិតភាពការងារ សូមយុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូល
រួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយ ដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕