រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជូនមន្ដ្រីជំនាញមួយក្រុមចុះពិនិត្យស្រាវជ្រាវ នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ​ ខេត្តក្រចេះដែលមានករណីពលរដ្ឋស្លាប់៣នាក់ សង្ស័យករណីពុលស្រាស។ នេះបើតាមលោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ឲ្យដឹងនៅថ្ងៃនេះ។

បើតាមលោក លី សុវណ្ណ លោករដ្ឋមន្ដ្រី បានបញ្ជាឲ្យមន្ដ្រីជំនាញដឹកនាំដោយរូបលោកផ្ទាល់ ចុះទៅពិនិត្យ និងស្រាវជ្រាវតាមបច្ចេកទេស ដើម្បីរកមូលហេតុពិតប្រាកដចំពោះករណីពលរដ្ឋស្លាប់ និងកំពុងរងគ្រោះធ្ងន់ធ្ងរនោះ ថាពិតជាពុលស្រាមែន ឬក៏ដោយសារមូលហេតុផ្សេង។

បើសិនជាមន្រ្តីរកឃើញថាពលរដ្ខពិតជាពុលស្រាមែននោះ នេះគឺមិនមែនជារឿងថ្មីឡើយ ដ្បិតខេត្តក្រចេះតែងតែកើតមានករណីពលរដ្ឋពុលស្រា ពិសេសស្រាស ញឹកញ៉ាប់ជាងគេ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ករណីនេះនៅតែកើតមានបើទោះជាអាជ្ញាធរ និងក្រសួងបានព្រមានពីហានីភ័យសុខភាព និងចាត់វិធានការណ៍ជាបន្តបន្ទាប់ក៏ដោយ៕