គំនូរមួយផ្ទាំងគូរដោយវិចិត្រករស្នាដៃឯក ញឹក ឌឹម តាំងនៅក្នុងអគារស នៃវិមានរដ្ឋចំការមន ជាអតីតព្រះរាជដំណាក់សម្ដេចព្រះនរោត្តម សីហនុ  នឹងក្លាយជាអគារក្រុមប្រឹក្សាធម្មនុញ្ញនាពេលបច្ចុប្បន្ន ត្រូវបានប្រគល់ជូនសារមន្ទីរជាតិហើយនៅថ្ងៃនេះ។ ពិធីប្រគល់ និងទទូល ត្រូវបានធ្វើឡើងនៅសារមន្ទីរជាតិក្រោម វត្តមានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋមន្រ្តីវប្បធម៌ និងចិត្រសិល្បៈ។

ផ្ទាំងគំនូរនេះ ត្រូវបានសារមន្ទីរជាតិ និងអ្នកជំនាញ អះអាងថាជាស្នាដៃគំនូរធំជាងគេ ចុងក្រោយរបស់វិចិត្រករដៃឯក ញឹក ឌឹម ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា នាសម័យសង្គម​រាស្រ្តនិយម និងជាស្នាដៃដែលសេសសល់តិចតួចបំផុតនៅកម្ពុជា នៅគ្រាដែលស្នាដៃរបស់លោកភា​គ​​​​ច្រើនមានតាំងបង្ហាញនៅឯបរទេស។ មានបុព្វហេតុ៣យ៉ាង បានជំរុញឲ្យលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចប្រគល់ផ្ទាំងគំនូរនេះជូនសារមន្ទីរជាតិ។

ថ្លែងក្នុងពិធីប្រគល់រៀបចំនៅសារមន្ទីរជាតិនៅព្រឹកថ្ងៃទី១១ធ្នូ លោក អ៊ឹម ឈុនលឹម មានប្រសាសន៍ថាទី១​ គឺលោកចង់ថែរក្សាផ្ទាំងគំនូរនេះឲ្យបានគង់វង្សល្អទុកជាសម្បត្តិជាតិ ទី២លោកចង់ឲ្យសាធារណៈជនបានស្គាល់កាន់តែច្រើន និងទី៣គឺដើម្បីចូលរួមបំផុសស្មារតីគ្រប់ស្ថាប័នជាតិជួយថែរក្សាគ្រប់វត្ថុ និងក្នុងករណីចាំបាច់ត្រូវប្រគល់ជូនមកសារមន្ទីរ ដើម្បីថែទាំ និងទុកដាក់តាមបច្ចេកទេស។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ លោកស្រី ភឿង សកុណា បានសម្ដែងសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វហេតុដ៏ឧត្តុងឧត្តមរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែ​ល​​បានប្រគល់គំនូរដ៏ធំ និងកម្រនេះជូនសារមន្ទីរជាតិ ពីព្រោះស្នាដៃគំនូររបស់លោកវិចិត្រករឯក ញឹក ឌឹម ដ៏ល្បីនៃកម្ពុជា មានរក្សាទុកតិចតូចប៉ុណ្ណោះនៅសារមន្ទីរជាតិ និងគ្រាន់តែជាស្នា​ដៃ​គំនូរតូចៗប៉ុណ្នោះ។​

ភ្លាមៗក្រោយបញ្ចប់ពិធីទទួលគំនូរស្នាដៃឯករបស់លោក ញឹក ឌឹម ប្រធាននាយកដ្ឋានសារមន្ទីរជាតិ លោក គង់ វីរៈ បានបញ្ជាក់ប្រាប់អ្នកកាសែតថាសារមន្ទីរជាតិគ្រោងរៀបចំពិពណ៌សា្នដៃគំនូរវិចិត្រករឯក ញឹក​ ឌឹម នៅឆ្នាំ២០២០ខាងមុខ ក្នុងចំណោមពិពណ៌ជាច្រើនដែលនឹងត្រូវរៀបចំអបអរខួប១០០ឆ្នាំរបស់សារមន្ទីរជាតិ។ លោកក៏បានអំពាវនាវឲ្យស្ថាប័ន និងសាធារណៈជនមានគំនូរលោក ញឹក ឌឹម ចូលរួមយកស្នាដៃនោះមកតាំងបង្ហាញ ឬប្រគល់ជូនសារៈមន្ទីរជាតិកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា លោក ញឹក ឌឹម កើត នៅឆ្នាំ១៩៣៤ និងបានស្លាប់នៅឆ្នាំ១៩៧៨ក្នុងរបបខ្មែរក្រហម។ បើតាមអត្ថបទភាគច្រើនមានផ្សាយលើបណ្ដាញអ៊ីនធើណែត លោក ញឹក ឌឹម បានក្លាយជាវិចិត្រករឯកដ៏ល្បីនៃសម័យសង្គមរាស្រ្តនិយម បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជំនាញគូរូបនៅលោកខាងលិច។ ទាំងនៅកម្ពុជា និងអន្តរជាតិ នៅពេលនិយាយពីវិចិត្រករជក់ទិព្វ គឺគេសំដៅទៅលើលោក ញឹក ឌឹមនោះហើយ៕