រដ្ឋាភិបាលជប៉ុន ​តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្ដល់ថវិកាជិត៧សែនដុល្លារអាមេរិក ដល់អង្គការជប៉ុននៅកម្ពុជាចំនួន២ ដើម្បីអនុវត្តគម្រោង២ ក្នុងបេសកកម្មរួមចំណែកការអភិវឌ្ឍប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់ និងផ្ដល់ជំនួយនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុនកាលពីព្រឹកមិញ។

៦៩២៥២២ដុល្លារអាមេរិក គឺជាកញ្ចប់ទឹកប្រាក់ជំនួយថ្មីមួយទៀតរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈស្ថាប័ន និងអង្គការនានានៅតាមបណ្ដា​ខេត្ត។ ជំនួយជិត៧សែនដុល្លារអាមេរិកនេះ នឹងត្រូវបែងចែកឲ្យគម្រោងពីរ ​ទី១គឺគម្រោង​អភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលទទួលបានជិត៤ម៉ឺនដុល្លារ និងទី២គឺគម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងខេត្តកំពង់ឆ្នាំ ទទួលបានជិត៣សែនដុល្លារអាមេរិក។

អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា មានប្រសាសន៍ថាគម្រោងទី១របស់អង្គការបេះដូងមាស និងប្រើប្រាស់សម្រាប់ការកែទម្រង់កម្មវិធីសិក្សា បណ្ដុះបណ្ដាលធនធានមនុស្ស ថែរក្សាអគារ ដើម្បីឲ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្លាយជាវិទ្យាស្ថានគរុកោសល្យក្នុងរយៈពេល៤សម្រាប់វិជ្ជាអប់រំកាយ ហើយលោកសង្ឃឹមថាតាមរយៈគម្រោងនេះ បរិយាកាសនៃការបណ្ដុះបណ្ដាល នឹងមានការរីកចំរើន ហើយវិស័យអប់រំកាយនឹងកាន់តែមានការអភិវឌ្ឍន៍។

ដោយឡែកគម្រោងទី២របស់អង្គការFIRDវិញ គឺប្រើប្រាស់សម្រាប់ការលើកកម្ពស់ផលិតភាពនៃការដាំដុះស្រូវ ធ្វើពិធកម្មកសិកម្ម កែលម្អរចំណីអាហារ បង្កើតបណ្ដាញប្រជាជនក្នុងតំបន់ និងពង្រឹងសហប្រតិបត្តិការកសិកម្មក្នុងស្រុក៣នៃខេត្តកំពង់ឆ្នាំង។ លោកអគ្គរាជទូតក៏បានសម្ដែងក្ដីសង្ឃឹមថាតាមរយៈជំនួយនេះ ប្រជាជនក្នុងតំបន់នោះ អាចកែលម្អជីវភាពរស់នៅរបស់ពួកគេ ទទួលទានអាហារបានគ្រប់គ្រាន់ មានជីវជាតិ និងមានសុខភាពល្អ។

ក្រោយទទួលបានថវិកាជំនួយ ជនជាតិជប៉ុន២រូប ដែលតំណាងឲ្យអង្គការទាំងពីរ បានឡើងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន និងបានបង្ហាញការប្ដេជ្ញាចិត្តថានឹងប្រើប្រាស់ថវិកាជំនួយនេះ ឲ្យចំគោលដៅ មានតម្លៃភាព និងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រជាជន និងប្រទេសកម្ពុជា តាមវត្ថុបំណងរបស់ម្ចាស់ជំនួយ និងបេសកកម្មរបស់អង្គការទាំងពីរ៕